(ឆែក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែរ និងមន្រ្តីស្ថានទូតជាច្រើនរូបដែលរស់នៅក្នុងប្រទេសឆែក ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅអឺរ៉ុបនោះ សម្តេចតេជោបានណែនាំឲ្យបងប្អូនខ្មែរនៅប្រទេសឆែក ឲ្យតាមដានព័ត៌មានពីកម្ពុជាឲ្យបានជាប្រចាំ ជាពិសេសតាម Facebook សម្តេចផ្ទាល់ និងតាម Fresh News ចៀសវាងមានគេប្រឌិតព័ត៌មានមិនពិតពីកម្ពុជា។
ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នាសណ្ឋាគារដែលសម្តេចស្នាក់នៅ ក្នុងទីក្រុងប្រាក (Prague, Czech) បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែរ និងមន្រ្តីស្ថានទូតជាច្រើនរូប បានអញ្ជើញមកទទួលស្វាគមន៍ សម្តេចនាយករដ្ឋមន្រ្តី ដោយទឹកមុខរីករាយ និងដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។
តាមកម្មវិធីរបស់សម្តេចតេជោ ពេលទៅដល់ប្រទេសឆែក គឺសម្តេចតេជោ ត្រូវអញ្ជើញទៅទស្សនាទីក្រុងចាស់ របស់ប្រទេសឆែក ប៉ុន្តែសម្តេចតេជោ បានលុបចោលកម្មវិធីនេះ ហើយបានអញ្ជើញផ្តល់កិត្តិយសជួបជុំជាមួយបងប្អូនខ្មែរ ដែលបានមករង់ចាំទទួលសម្តេចវិញ។
ក្នុងឱកាសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយសិស្សនិស្សិត ដែលមានឱកាសបានសមកសិក្សា នៅប្រទេសដែលមានការរីកចម្រើនដូចប្រទេសឆែកនេះ។ នេះជាមោទនភាពរបស់កម្ពុជា ដែលមានធនធានមនុស្សកំពុងបណ្តុះបណ្តាល នៅគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស។ ទោះបីមិនបាននៅជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែក្នុងនាមនាយករដ្ឋមន្រ្តី គឺសម្តេចប្រមុខដឹកនាំតែងតែនឹករឮក និងស្រឡាញ់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថាតែនៅក្នុងប្រទេសឆែកនេះទេ។
តាមពិតទៅប្រទេសកម្ពុជា និងឆែក គឺមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីរវាងឆ្នាំ១៩៦០ មកម៉្លេះ ហើយអតីតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ ក៏ធ្លាប់ជានិស្សិតសិក្សា នៅប្រទេសឆេកូនេះផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺល្អជាពិសេស ចាប់តាំងពីឆ្នាំ ១៩៧៩-១៩៩០ ដែលពេលនោះ រដ្ឋាភិបាលកម្ពុជាបានបញ្ជូននិស្សិតមកសិក្សានៅទីនេះ បានច្រើនតាមរយៈអាហារូបករណ៍ដែលកម្ពុជាទទួលបាន។
សូមបញ្ជាក់ផងដែរថា អតីតស្ថានទូតប្រទេសឆែកពីមុន គឺមានទីតាំងនៅស្ថានទូតអឺរ៉ុបសព្វថ្ងៃនេះឯង។ ប្រទេសឆែកក៏មានទំនាក់ទំនងល្អជាមួយអាស៊ានដែរ ហើយទន្ទឹមនឹងនេះ ឆែក បានសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍គម្រូ ដល់កម្ពុជាក្នុងមួយឆ្នាំ១លានដុល្លាកន្លះចាប់ពីឆ្នាំ ២០២០ខាងមុខនេះ។
ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់បងប្អូន និងកូនក្មួយនិស្សិតនៅឆែកឲ្យបានដឹងពីការទទួលទានអំបុក ទូទាំងប្រទេសនៅថ្ងៃទី ៩ វិឆ្ឆិកា ២០១៩ ដែលត្រូវចំថ្ងៃឯករាជ្យជាតិ និងបន្តដោយថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩) ដែលកម្ពុជាបានសម្រេចយកថ្ងៃនេះ ជាទិវាហូបអំបុកទូទាំងប្រទេស ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ព្រោះមានជនអគតិមួយចំនួនតូច បានឃោសនាគ្រោងយកថ្ងៃនេះ ធ្វើផ្តេសផ្តាសក្នុងពេលដែលកម្ពុជា កំពុងរៀបចំពិធីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ និងប្រពៃណីជាតិ។ ដូច្នេះសូមអញ្ជើញបងប្អូន និងកូនក្មួយនៅទីនេះ និងនៅតាមបណ្តាប្រទេសនានា ចូលរួមទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់ឲ្យបងប្អូនសហគមខ្មែរនៅឆែក និងកូនក្មួយទាំងអស់តាមដានព័ត៌មានពីកម្ពុជាឲ្យបានជាប្រចាំ ជាពិសេស តាមហ្វេសប៊ុគសម្តេចផ្ទាល់ និងតាមហ្រ្វេសញ៉ូ (Fresh News) ជាដើម ចៀសវាងមានគេប្រឌិតព័ត៌មានមិនពិតពីកម្ពុជា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលជំហរ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឆែក ដែលនឹងត្រូវពិភាក្សាគ្នាឲ្យបានល្អិតល្អន់នៅថ្ងៃស្អែកជាផ្លូវការ។ សម្តេចប្រមុខដឹកនាំ បានផ្តាំផ្ញើដល់បងប្អូនខ្មែរ និងកូនក្មួយនិស្សិតដែលកំពុងសិក្សានៅប្រទេសគេយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពច្បាប់ប្រទេសគេឲ្យបានល្អ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានផ្តល់ទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្មួយៗ ដែលកំពុងសិក្សានៅទីនេះប្រកបដោយក្តីស្រឡាញ់ ក្នុងបរិយាកាសរីករាយនិងស្និទស្នាលក្រៃលែង៕