(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា មាតាបិតា គួរតែរៀបចំអាហារដល់កុមារ ពេលទៅសាលារៀនជាប្រចាំ ដូចជាផ្តល់នំចំណីអាហារណា ដែលមានអត្ថប្រយោជន៍ ដូចជា ទឹកដោះគោ នំដល់កុមារ ដោយមិនចាំបាច់ផ្តល់ថវិកាដល់កុមារទេ ដើម្បីកុំឲ្យកុមារទិញចំណីអាហារណា ដែលប៉ះពាល់ដល់សុខភាព ជាពិសេសភេសជ្ជៈផ្អែមច្រើនពេក ធ្វើឲ្យកុមារឆាប់ឆ្អែតមិនបានញ៉ាំអាហារផ្សេងៗទៀតទេ ប្រឈមនឹងកង្វះអាហារូបត្ថម្ភដល់កុមារ។
នាយកមន្ទីរពេទ្យបានបញ្ជាក់ទៀតថា «និយាយបែបនេះមិនមែនមានន័យថា ហាមឃាត់មិនឲ្យកុមារញ៉ាំអាហារ ដែលមានរសជាតិផ្អែមនោះទេ តែត្រូវញ៉ាំដោយបរិមាណដែលសមស្រប ហើយកុំឲ្យទំលាប់ទិញដាក់ទឹកក្រូចទាំងកេសៗនៅផ្ទះ ព្រោះថាក្មេងៗតែងតែចូលចិត្តរស់ជាតិផ្អែមជាងគេ បន្ទាប់ពីសាច់ ឬឯបន្លែផ្លែឈើមិនសូវជាចូលចិត្តញ៉ាំទេ»។
ការថ្លែងបែបនេះ របស់ថ្លែងក្រោយចូលរួមនៅក្នុងពិធីបិទសន្និសីទរោគកុមារលើកទី១ ដែលរៀបចំដោយមន្ទីរពេទ្យកុមារជាតិ ក្រោមប្រធានបទ «ការចែករំលែកបទពិសោធន៍នៃការអនុវត្តការថែទាំព្យាបាលជំងឺទារក និងកុមារ» ដែលប្រព្រឹត្ដទៅនៅសណ្ឋា គារភ្នំពេញនៅចុងសប្ដាហ៍នេះ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងបន្ដថា មាតាបិតាទាំងអស់ ត្រូវដឹងពីរបៀបថែទាំ និងផ្តល់ចំណីអាហារដល់កូនចៅឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកុមារទទួលបានសុខភាពល្អ លូតលាស់បានល្អ មានបញ្ញាវាងវៃ និងរៀនពូកែ។ ជាពិសេស ជួយឲ្យកុមារជៀសផុតពីកង្វះអាហារូបត្ថម្ភ និងបញ្ហាប្រឈម ឬគ្រោះថ្នាក់ដល់សុខភាព»។
លោកវេជ្ជបណ្ឌិតបានបន្តថា មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យ ឈានមុខគេ ក្នុងការផ្តល់អាហារូបត្ថម្ភ ដល់កុមារ ពោលគឺមន្ទីរពេទ្យបានផ្តល់អាហារចំនួនបីពេល ដោយឥតបង់ថ្លៃដល់កុមារ ដែលមកសម្រាកជំងឺនៅមន្ទីរពេទ្យ ដែលអាហារទាំងនោះមានលក្ខណៈស្តង់ដា ជួយឲ្យកុមារមានអាហាររូបត្ថម្ភគ្រប់គ្រាន់។
ក្រៅពីនេះលោកវេជ្ជបណ្ឌិត បានអំពានាវដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ ដែលយកកូនមកសម្រាកនៅមន្ទីរពេទ្យ ឲ្យចេះពីរបៀបការចិញ្ចឹមថែទាំកូន ដើម្បីឲ្យកុមារទទួលបានសុខភាពល្អ និងផ្តល់ចំណីអាហារណាខ្លះ ដែលគួរ និងមិនគួរផ្តល់ឲ្យកុមារ។ លើសពីនេះទៀត មន្ទីរពេទ្យ ក៏មានបង្កើតបន្ទប់ពិគ្រោះយោបល់មួយ សម្រាប់ឲ្យមាតាបិតា និងអាណាព្យាបាលទាំងឡាយណា ដែលមានបំណងចង់ដឹងបន្ថែម ពីការផ្តល់អាហាររូបត្ថម្ភដល់កូនចៅរបស់ខ្លួនឲ្យបានល្អ ព្រមទាំងមានការពិនិត្យតាមដានយ៉ាងទៀងទាត់ ពីសំណាក់គ្រូពេទ្យជំនាញ។
ជាមួយគ្នានោះ លោកស្រីសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាផងដែរថា ការឲ្យកុមារទទួលទានចំណីអាហារ ដែលមានរសជាតិផ្អែម នឹងធ្វើឲ្យកុមារប្រឈមនឹងជំងឺទឹកនោមផ្អែម ដែលអាណាព្យាបាល និងមាតាបិតាត្រូវប្រឈមនឹងការចំណាយថវិកាប្រចាំថ្ងៃ ព្រោះថាជំងឺទឹកនោមផ្អែមនេះ ត្រូវប្រើថ្នាំព្យាបាលអស់មួយជីវិត។ចំណែកកូនៗវិញ មានគ្រោះថ្នាក់ដល់សុខភាព និងខាតពេលសិក្សាផងដែរ។
ទន្ទឹមនឹងនោះ ស្ត្រីមានផ្ទៃពោះខ្លះវិញ ក៏ប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ ដោយសារតែទំលាប់បរិភោគចំណីអាហារ ដែលមានរសជាតិផ្អែមច្រើន លើសហួសបរិមាណ ដូចជាធូរ៉េន និងអាហារប្រេនៗមកពីបរទេសមួយចំនួន។ ដូចនេះលោកស្រី បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវបរិភោគចំណីអាហារ ឲ្យមានលំនឹង គឺត្រូវបរិភោគឲ្យមានទាំងបន្លែសាច់ និងមានផ្លែឈើដើម្បីឲ្យមានអាហារូបត្ថម្ភគ្រប់គ្រាន់ជួយទ្រទ្រង់ដល់សុខភាពរបស់យើង ពិសេសកុមារឲ្យមានសុខភាពល្អនិងកំលាំងមាំមួន។
ជាងនេះទៅទៀត លោកស្រីសាស្រ្តាចារ្យ បានបញ្ជាក់ថា សន្និសីទនេះ គឺជាឱកាសមួយដ៏ល្អ ដែលជួយឲ្យអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗថែមទៀត នៃការអនុវត្តគ្លីនិកក្នុងការថែទាំព្យាបាលជំងឺទារក និងកុមារ ដើម្បីពង្រឹងគុណភាព សមត្ថភាពរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការផ្តល់សេវាដល់កុមារ កាន់តែមានប្រសិទ្ធភាព សំដៅកាត់បន្ថយពិការភាពដែលកើតឡើងដោយជំងឺផ្សេងៗ និងកាត់បន្ថយអត្រាមណៈភាពរបស់ទារក និងកុមារ ដើម្បីឈានដល់ការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល៕