(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងដោយយល់ថា ចំពោះទស្សនវិជ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានប្រកាសយកថ្ងៃ៩ វិច្ឆិកា ជាថ្ងៃដ៏នក្ខត្ដឫក្ស ក្នុងការជួបជុំមហាអកអំបុកគ្រួសារខ្មែរទូទំាងព្រះនគរដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ហើយដែលប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស ទំាងប្រុស-ស្រី-ចាស់-ក្មេង កំពុងមានសេចក្ដីអំណរសាទរសប្បាយរីករាយក្នុងការរៀបចំពិធីនេះ ក្នុងន័យឆ្លើយតបទៅនឹងទង្វើ ទណ្ឌិត សម រង្ស៊ី ដែលបានកំណត់យកថ្ងៃនេះជាការបរិច្ឆេទដ៏ឃោរឃៅដើម្បីផ្ដួលរំលំរបបរាជានិយមនោះ គឺបានឆ្លុះបញ្ចំាងអំពីអត្ថន័យពីរយ៉ាង៖
ទីមួយ៖ អត្ថានុរូប (ន័យត្រង់) ពីថ្ងៃ៩ ដល់១១-១២-១៣ វិច្ឆិកានេះ គឺមានទិវាបុណ្យជាតិធំៗពីរជាអាទិ៍៖ ៩វិច្ឆិកា បុណ្យឯករាជ្យជាតិ និងថ្ងៃទី១១-១២-១៣ ជាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុកនេះឯង។ បើដូច្នេះបើនិយាយពីថ្ងៃបុណ្យឯករាជ្យនេះ មិនថាប្រទេសណា ឬប្រជាជាតិណានោះទេលើពិភពលោកនេះ គឺគេតែងចាត់ទុកជាថ្ងៃដ៏នក្ខត្ដឫក្សក្នុងការជួបជុំគ្នាផង និងការទទួលទានអាហារប្រពៃណីជាតិរបស់គេផងដែរ។
ជាក់ស្ដែងដូចជា សហរដ្ឋអាមេរិកទិវាបុណ្យឯករាជ្យជាតិថ្ងៃទី៤ កក្ដដា របស់ជាតិគេគឺគេចាត់ទុកថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលក្នុងការជួបជុំញាតិមិត្ដគេផង និងការទទួលអាហារមានលក្ខណះសាមគ្គីគ្នាផង។ ដោយក្នុងនោះគេអំាងសាច់គោ ឬសាច់ផ្សេងៗទៀតក្នុងន័យបង្ហាញពីមោទនភាពជាតិរបស់គេថា អ្វីៗដែលពួកគេកំពុងនំាគ្នាទទួលទានយ៉ាងសប្បាយរីករាយនេះ គឺដោយសារប្រទេសមាន «ឯករាជ្យនិងសន្ដិភាព» នេះឯង។
បើដូច្នេះចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសយកថ្ងៃ៩ វិច្ឆិកា ជាទិវាមហាអកអំបុកគ្រួសារខ្មែរទូទំាងព្រះនគរនេះគឺបង្ហាញពីប្រពៃណីជាតិដ៏ល្អផូរផង់ របស់ខ្មែរយើងតំាងពីបរមបុរាណរៀងនេះផង និងបណ្ដុះឆន្ទៈស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ក្រោយពីប្រទេសដែលទើបងើបផុតពីសង្រ្គាមបង្ហូរឈាមគ្នា កុំឲ្យធ្លាក់ក្នុងសង្រ្គាមម្ដងទៀតផងដែរ។ បានន័យថាខេមរជនខ្មែរ ទំាងក្នុង និងក្រៅប្រទេសទំាងប្រុស-ស្រី-ចាស់-ក្មេងទំាងអស់ ត្រូវខិតខំប្រឹងប្រែងកសាងជាតិឲ្យរីកចម្រើនឆ្ពោះទៅកាន់វឌ្ឍនភាពដ៏ឧត្ដុង្គឧត្ដម កុំឲ្យប្រទេសងាកចេញពីគន្លង «ឯករាជ្យនិងសន្ដិភាព» នេះឲ្យសោះ។
ទីពីរ៖ អត្ថបដិរូប (ន័យធៀប) «អំបុក» ដែលគេយកស្រូវទើបច្រូតកាត់ថ្មីៗ មកលីងក្នុងអំបែងឲ្យឆ្អិនឮសូរផ្ទុះប្រែសៗល្មមហើយទៅដាក់ក្នុងត្បាល់ រួចយកអង្រែបុកឲ្យសំប៉ែតនេះ គឺបង្ហាញអំពីការអនុវត្ដច្បាប់យ៉ាងតឹងរឹងទៅលើជនទំាងទ្បាយណា ដែលមានបំណងធ្វើរដ្ឋប្រហារផ្ដួលរំលំរបបរាជានិយមនេះឯង។
មានន័យថា «ចំពោះជនទំាងទ្បាយណាដែលធ្វើរដ្ឋប្រហារផ្ដួលរំលំរបបរាជានិយម និងត្រូវបុកឲ្យសំប៉ែតដូចជាអំបុក» នេះឯង។
លោក រត្ន័ សណ្ដាប់ រៀបរាប់បន្ដថា បើនិយាយពីគុណតម្លៃប្រពៃណីអកអំបុកនេះផងដែរ ក្រៅពីបង្ហាញអត្ដសញ្ញាជាតិដ៏ល្អផូរផង់របស់ខ្មែរយើង ដែលតែងប្រារព្វក្រោយពេលប្រមូលផលស្រូវរួចតំាងពីបុរាណរៀងមកនេះ ចំពោះពិធីនេះក៏ជាឱកាសមួយដែលក្រមុំៗកំលោះៗមានឱកាសបានបង្ហាញរូបរាង ការប៉ិនប្រសប់ និងជាឱកាសមួយជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីស្វែងយល់ចិត្ដគ្នាទៅវិញទៅមក បន្ទាប់ពីបញ្ចប់ធ្វើស្រែចំការអស់មួយរដូវរួចមកផងដែរ។
បើនិយាយពីរបៀបនៃការអកអំបុក គឺគេយកអំបុកដែលបានត្រៀមទុកដាក់ក្នុងកញ្ជើដោយតម្កល់នៅលើតុដោយស្រីៗជាអ្នកអក រីឯបុរសភ្ងើយ ហើយបង្គាប់ឲ្យបុរសហាមាត់ឲ្យធំ ដោយខ្លះក្ដាប់អំបុកហើយបង្អកចូលទៅក្នុងមាត់ ម្ដងហើយម្ដងទៀតដោយសួរថាពេញឬនៅ? អ្នកដែលត្រូវគេបង្អក គឺត្រូវគេថែមហើយថែមទៀតទាល់តែឆ្លើយចេញមកសម្លេងទ្បុលៗមិនច្បាស់ថា «ពេញហើយ»។ បន្ទាប់ពីបង្អកអំបុកហើយគេបង្អកចេកទៀត ដោយចាប់ញាក់ឲ្យតែឈ្នះដៃ ហើយបុរស ក៏អាចយកអំបុកអកទៅលើស្រ្ដីវិញផងដែរ យ៉ាងសប្បាយរីករាយ។ បើដូច្នេះចំពោះប្រពៃណីអកអំបុកនេះ បានបង្ហាញពីសាមគ្គីភាព ភាពសិ្នទ្ធិស្នាលដោយពេលអក គឺអំបុកកំពប់ធ្លាក់ពាសពេញដីជាការបកស្រាយនូវភាពសំបូរហូរហៀររបស់ ស្រុកទេសតំាងពីបរមបុរាណរៀងមក៕