(ស្វាយរៀង)៖ សាកលវិទ្យាល័យស្វាយរៀង បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំគម្រោង FRIENDS (Furthering International Relations Capacities and Intercultural Engagement to Nurture Campus Diversity and to Support Internationalisation at Home) ដែលមានដៃគូ ១៦សាកលវិទ្យាល័យមកពីប្រទេស ប៊ុលហ្គារី ហុងគ្រី ប៉ូឡូញ តួគី កម្ពុជា ថៃ ហ្វីលីពីន ម៉ាឡេស៉ី និងប៊ូតាន។
សិក្ខាសាលនេះ ត្រូវបានធ្វើឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
លោក ទុំ សារាវុធ សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យស្វាយរៀង បានថ្លែងថា គម្រោង FRIENDS នេះ ផ្ដោតសំខាន់លើការលើកកម្ពស់ និងអភិវឌ្ឍន៍ ភាវូបនីយកម្មអន្តរជាតិ និងការលើកកម្ពស់ការយល់ដឹងផ្នែកវប្បធម៌។
សិក្ខាសាលាលើកទី៣នេះ ផ្ដោតលើការបង្កើតប៉ាស្ព័រអន្តរវប្បធម៌ (Intercultural passport)។ Intercultural passport ធ្វើឡើងតាមរយៈការបង្កើតមេរៀនតាមអនឡាញ (MOOC) ដែលអាចជាវីដេអូ ឬអត្ថបទសរសេរ បង្កើតឡើងដោយសាកលវិទ្យាល័យដៃគូនៅអឺរ៉ុប សម្រាប់និស្សិតនៃសាកលវិទ្យាល័យដៃគូនៅអាស៉ីនីមួយៗអាចសិក្សាបានងាយស្រួល។
លោកបានបន្តថា ការរៀនបែបអនឡាញនេះ អាចធ្វើឡើងទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ហើយ និស្សិតនៅតាមបណ្ដាសាកលវិទ្យាល័យដៃគូនៅអាស៉ី អាចចុះឈ្មោះចូលរៀនបានដោយមិនគិតថ្លៃ។ បន្ទាប់ពីសិក្សាចប់ និស្សិតក៏ត្រូវបង្កើតវីដេអូឌីជីថលខ្លីមួយ ដាក់លើអ៉ីនធើណិតសម្រាប់ការប្រកួតប្រជែង។
វីដេអូនោះអាចនិយាយពីខ្លួនរបស់ពួកគេផ្ទាល់ ឬនិយាយពីប្រធានបទទាំងឡាយណា ដែលទាក់ទងនឹងអន្តរវប្បធម៌។ ជ័យលាភី៣រូប នៃសាកលវិទ្យាល័យដៃគូនីមួយៗ នឹងចូលរួមការសិក្សា (Bootcamp) រយៈពេល ០៦សប្តាហ៍ នៅខែកក្កដា ឆ្នាំ២០២០ នៅប្រទេសប៊ុលហ្គារី។ សិក្ខាសាលាលើកទី៤ របស់គម្រោង FRIENDS នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២០ នៅប្រទេសហុងគ្រី។
សូមបញ្ជាក់ថា សាកលវិទ្យាល័យស្វាយរៀង គឺជាគ្រឹះស្ថានមួយកំពុងអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពចំនួន០៤ គាំទ្រដោយសហគមន៍អឺរ៉ុប និងជាសាកលវិទ្យាល័យ១ ក្នុងចំណោមសាកលវិទ្យាល័យគោលដៅទាំង៥ ក្នុងការអនុវត្តគម្រោងកែលម្អឧត្តមសិក្សានៅកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅឆ្នាំសិក្សាថ្មីនេះ មានសិស្សានុសិស្សទើបជាប់មធ្យមសិក្សាទុតិយភូមិជាង ១,០០០នាក់ បានដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យស្វាយរៀង៕