(ក្រចេះ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលរលួយស្រូវដោយសារទឹកជំនន់នោះ ឱ្យខិតខំដាំដុះឡើងវិញ ដោយមិនត្រូវអស់សង្ឃឹមនោះឡើយ។ លោកទេសរដ្ឋមន្ត្រី ក៏បានអះអាងថា រាជរដ្ឋាភិបាលត្រៀមជួយជានិច្ចរាល់តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងការដាំដុះនេះ។
ការលើកទឹកចិត្តរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលយកស្រូវពូជប្រមាណ ១៧៥តោន ចែកជូនប្រជាពលរដ្ឋជាង ២ពាន់គ្រួសារមកពីស្រុកចំនួន៣ នៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកជំនន់នារដូវវស្សាកន្លងទៅនេះ បណ្តាលឱ្យប៉ះពាល់ស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះជាង ២ពាន់ហិកតា ស្មើនឹង ២,២៩៦គ្រួសារ។ ក្នុងពិធីចែកពូជស្រូវនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតនេះ តែលោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដុះឡើងវិញ ដើម្បីបានផលស្រូវទុកសម្រាប់ហូបចុក។ ជាពិសេសត្រូវដាំដុះឱ្យទាន់ពេលមានភ្លៀងធ្លាក់។
«ជារឿងសោកស្តាយខ្លាំងណាស់ចំពោះការខូចខាតផលដំណាំរបស់បងប្អូន។ នេះជាគ្រោះថ្នាក់បណ្តាលមកពីធម្មជាតិដែលយើងពិបាកនឹងចៀសផុត បើទោះបីយើងមិនចង់ក៏ដោយនោះ។ តែទោះជាយ៉ាងណាឥឡូវទឹកបានស្រកផុតទៅហើយ ខ្ញុំសូមឱ្យបងប្អូនប្រឹងប្រែងដាំដុះឡើងវិញ បើយើងមិនបានច្រើសម្រាប់លក់ ក៏អាចបានផលមកវិញខ្លះទុកសម្រាប់ហូបចុក»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី។
ក្នុងឱកាសចែកពូជស្រូវជូនប្រជាពលរដ្ឋនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីសំណាក់សម្តេចតេជោ ហ៊ុន សែន។
លោក គន់ គីម ក៏បានជម្រាបប្រជាពលរដ្ឋផងដែរ សម្តេចតេជោ តែងតែងគិតគូរជានិច្ចចំពោះសុខទុក្ខ និងផលលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ក៏បានក្រើនរំលឹកជានិច្ចដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិដោះស្រាយលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕