(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បុរស-នារីនៅពេលដល់នីតិភាព (អាយុ១៨ឆ្នាំ) ពួកគេត្រូវរៀបអាពាហ៍ពិពាហ៍ដើម្បីបង្កើតគ្រួសារ និងចុះបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន រួមរស់ជាមួយគ្នាក្នុងស្ថានភាពជា សហព័ទ្ធ ប៉ុន្តែមានបុរស-នារីមួយចំនួនទៀតកំពុងរស់នៅជាមួយគ្នាដោយមិនបានរៀបពាហ៍ពិពាហ៍ ឬបានរៀបចំពិធីអាពាហ៍ពិពាហ៍ទៅតាមប្រពៃណី ទំនៀមទំលាប់ដែរ ប៉ុន្តែមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ដោយរស់នៅជាមួយគ្នាក្នុងស្ថានភាពជាអនីតិសង្វាស។
បុរស-នារី ដែលរួមរស់ជាមួយគ្នារាល់ថ្ងៃក្នុងស្ថានភាពជាសហព័ទ្ធ ឬអនីតិសង្វាស រមែងតែងប៉ះទង្គិចគ្នា ដូចពាក្យចាស់ពោលថា «ចានក្នុងរាវគង់តែនឹងរណ្តំគ្នា» ដោយមួយចំនួនមានការយោគយល់ចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងមានមួយចំនួនទៀតមិនបានគិតគូរវែងឆ្ងាយរហូតឈានទៅដល់ការប្រើប្រាស់អំពើហិង្សាតែម្តង។
ដើម្បីយល់កាន់តែច្បាស់ថា តើការប្រើប្រាស់អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន មានទោសទណ្ឌកម្រិតណា? ដូច្នេះសម្រាប់កម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហ៍នេះ ក្រោមកិច្ចសហការរវាងអង្គភាពព័ត៌មាន FRESH NEWS ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖
ដើម្បីយល់ជ្រាបអំពីកម្រិតទោសនៃបទល្មើសខាងលើនេះ យើងត្រូវយល់នូវពាក្យសហព័ទ្ធ និងអនីតិសង្វាស។ សហព័ទ្ធសំដៅលើ ប្តី ឬប្រពន្ធ ឬទាំងប្តី ទាំងប្រពន្ធដែលទទួលបានឋានៈជាសហព័ទ្ធនេះ ក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ រីឯពាក្យអនីតិសង្វាស សំដៅដល់ស្ថានភាពបុរស-នារីរស់នៅជាមួយគ្នា ប៉ុន្តែមិនបានចុះបញ្ជី អាពាហ៍ពិពាហ៍។
បុរស-នារី ទោះបីរស់នៅក្នុងស្ថានភាពណាមួយក៏ដោយ ត្រូវចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ប៉ុន្តែក្នុងករណីភាគីណាមួយបំពារបំពានដោយប្រើប្រាស់អំពើហិង្សាលើរូបរាងកាយទៅលើភាគីម្ខាងទៀត នោះភាគីបង្កនឹងត្រូវទទួលទោស តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញត្តិថា «អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន» ដែលកើតឡើងដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះ ប្រព្រឹត្តដោយ សហព័ទ្ធ ឬអនីតិសង្វាសជនរបស់ជនរងគ្រោះ។
បើយើងពិនិត្យមើលលើកម្រិតទោស និងការពិន័យជាប្រាក់ នៃអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន គឺមានកម្រិតទោសធ្ងន់ជាង បទហិង្សាដោយចេតនា (លើកលែងក្នុងករណីមានស្ថានទម្ងន់ទោស) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ។
ការកំណត់ទោសទណ្ឌ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន ធ្ងន់ជាងបទហិង្សាដោយចេតនា គឺក្នុងគោលបំណងធ្វើការអប់រំ និងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដែលបានបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ សង្គមជាតិ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់សតិអារម្មណ៍ ព្រមទាំងអនាគតរបស់កុមារទៀតផង។
យោងតាមមាត្រា២២៩ នៃក្រមព្រហ្មទណ្ឌ ទោសបន្ថែម ប្រភេទ និងរយៈពេលអាចត្រូវបានប្រកាសដូចតទៅ៖
១. ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងតិច ។
២. ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសត្រូវបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុង ឱកាសនៃការប្រកបវិជ្ជាជីវៈ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
៣. ការហាមឃាត់ចំពោះការស្នាក់នៅ សម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ យ៉ាងច្រើន ចំពោះបទឧក្រិដ្ឋ ឬសម្រាប់ រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ចំពោះបទមជ្ឃិម ។
៤. ការហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូល ឬការស្នាក់នៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
៥. ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុដទៃទៀត ដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅ ប្រព្រឹត្តបទល្មើស ។
៦. ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
៧. ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន ។
៨. ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន ។
៩. ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨(ប្រាំបី) ថ្ងៃ យ៉ាងច្រើន ។
សរុបមក អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន នៅក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ត្រូវបានបញ្ញត្តិ យ៉ាងច្បាស់លាស់ក្នុងការកំណត់ផ្តន្ទាទោស និងទោសពិន័យ ទៅលើជនបង្កដែលបានធ្វើឱ្យប៉ះពាល់សណ្តាប់ធារណៈ សង្គមគ្រួសារ ព្រមទាំងក្មេងជំនាន់ក្រោយ និងក្នុងគោលដៅបង្ការ អប់រំ កុំឱ្យបទល្មើសនេះកើតទ្បើងបន្តទៀត ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕