(ភ្នំពេញ)៖ យុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ បោះឆ្នោតរើសតំណាងថ្មី បន្តពង្រឹងឯកភាព សាមគ្គីភាព និងមិត្តភាព ក្រោមអធិបតីភាពលោក ឈើយ ចាន់ណា តំណាងរាស្រ្ត, លោកឧត្ដមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អស់លោក និងប្អូនយុវជនសរុបចំនួនជាង៣០០នាក់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
កញ្ញា ភឿន រាត្រី ប្រធានយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ដែលចប់អាណត្តិ បានលើកឡើងថា យុវនិស្សិតខេត្តបន្ទាយមានជ័យ បានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានអាយុកាលបីឆ្នាំ បានពង្រឹងពង្រីកខ្លួនជាមួយ នឹងការចូលរួមគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងបណ្តានិស្សិតដែលមានទីលំ នៅខេត្តបន្ទាយមានជ័យ មកបន្តការសិក្សានៅរាជធានីភ្នំពេញ ស្ម័គ្រចិត្តចូលរួមបម្រើការងារសង្គម និងការងារយុវជនគ្រប់លំដាប់ថ្នាក់។
លោក គិម ភក្រ្តា ជាបេក្ខជនជ័យលាភី ទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានតំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត បន្តស្មារតីសាមគ្គីភាព គោរពច្បាប់ និងបម្រើផលប្រយោជន៍របស់សិស្ស និស្សិតយើង។
ក្នុងឱកាសនោះ ទាំងលោក ឈើយ ចាន់ណា, លោក ឡាយ គឹមលី និងលោក អ៊ុ រាត្រី សុទ្ធតែបានថ្លែងដោយសម្តែងនូវការកោតសសើរ ដល់ប្អូនៗយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាព ស្រឡាញ់រាប់អានគ្នា ជួយយកអាសារគ្នា ខិតខំរៀនសូត្រ ចូលរួមការងារជួយសង្គម គោរពច្បាប់ មិនពាក់ព័ន្ធអំពើអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលនាំឲ្យបាត់បង់អនាគតខ្លួនឯង ក្រុមគ្រួសារ បំផ្លាញសង្គមជាតិ។
ក្នុងឱកាសនោះដែរ លោកថ្នាក់ដឹកនាំទាំងបី បានសំណូមពរដល់ជ័យលាភីប្រធានថ្មី និងប្អូនៗសូមបន្តកាន់ដៃគ្នា ឈរលើស្មារតីសាមគ្គីភាព ឯកភាព ធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់អនាគតរុងរឿងគ្រប់ៗគ្នា។ បើតាមរបាយការណ៍ គិតចាប់ពីឆ្នាំ២០១៦ មកទល់ពេលនេះមានសិស្ស និស្សិតខេត្តបន្ទាយមានជ័យ ទាំង៩ក្រុងស្រុកមកបន្តការសិក្សា និងបំពេញការងារនៅរាជធានីភ្នំពេញ មានចំនួនសរុប៣,៣៨០នាក់ ស្រី១,២៩១នាក់ហើយ។
ជាមួយនឹងឱកាសសប្បាយរីករាយស្និទ្ធស្នាល អបអរសាទរការបោះឆ្នោតជ្រើសរើស តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យថ្មី នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជួយឧបត្ថម្ភ រួមមាន ១៖ ថវិកាសម្រាប់រៀបចំកម្មវិធី ២៖ អ្នកចូលរួមទាំងអស់ម្នាក់ៗថវិកា១ម៉ឺនរៀល, ៣៖ ពិសារនំបញ្ចុកសាមគ្គី០១ពេល៕