(ប៉ារីស)៖ កីឡាការិនីប៉េតង់ឆ្នើមកម្ពុជា អ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាស ១គ្រឿង ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ Trophee L`Equipe 2019 នៅប្រទេសបារាំង លើវិញ្ញាសាឯកត្តជននារី បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះបារាំង នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។
តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាប៉េតង់កម្ពុជា បានឲ្យដឹងថា នេះគឺជាមេដាយមាសដំបូង សម្រាប់ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលបានចូលរួមប្រកួតពានរង្វាន់ប្រជុំដោយកីឡាករ-កីឡាការិនីឆ្នើមៗលើពិភពលោកចូលរួមនេះ ខណៈការប្រកួតបានធ្វើឡើង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ ។
គួរដឹងថា បេសកកម្មនេះ កម្ពុជាបានបញ្ជូនកីឡាការិនី ៣រូបចូលរួម គឺកីឡាការិនី កែ ឡេង, អ៊ុន ស្រីយ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ដែលដឹកនាំដោយគ្រូបង្វឹកលោក សុខ ម៉ុង ។ ចំពោះការប្រកួតគឺមានអត្តពលិក ៧ប្រទេសចូលរួម ដែលសុទ្ធតែជាប្រទេសមានកីឡាករ-កីឡាការិនីឈ្នះមេដាយមាសពិភពលោក រួមមានកម្ពុជា ថៃ អ៊ីតាលី ដាណឺម៉ាក់ ម៉ាដាហ្គាស្កា ទុយនេស៊ី និងម្ចាស់ផ្ទះបារាំង៕