(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាត់ទុកការបរាជ័យ ១៤-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ កាលពីថ្មីៗ គឺជាលទ្ធផលដ៏ឈឺចាប់បំផុត តែលោកថា បើអ្នកណាចងចាំការប្រកួតនេះយូរជាងគេ នឹងអាចជោគជ័យជាងគេក្នុងអាជីព ។
ថ្លែងទៅកាន់កូនក្រោម ក្រោយបន្ដរបូត ៣ពិន្ទុ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 វីរបុរសបាល់ទាត់ជប៉ុនរូបនេះ និយាយថា «លទ្ធផលចាញ់អ៊ីរ៉ង់ ១៤-០ វាគឺជាលទ្ធផលដ៏ឈឺចាប់បំផុសសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ហើយអ្នកដែលចងចាំការប្រកួតនេះយូរជាងគេ អាចនោះគឺអាចជោគជ័យក្នុងអាជីពបាល់ទាត់របស់ខ្លួនយូរអង្វែងជាងគេផងដែរ» ។
កីឡាករបាល់ទាត់លំដាប់ពិភពលោករូបនេះបន្ដថា «ជាការពិត បើសិនជាខ្ញុំជ្រើសរើសយុទ្ធសាស្ដ្រលេងបាល់វែង ឬលេងទម្រង់កការពារប្រហែលជាយើងអាចចាញ់ត្រឹម ៤គ្រាប់ ទៅ ៥គ្រាប់ប៉ុណ្ណោះ វាដូចជាការប្រកួតជម្រុះ World Cup លើកមុនអញ្ចឹង ប៉ុន្ដែវាមិនបានទទួលអ្វីមកវិញទេ ដើម្បីភាពរីកចម្រើននៃបាល់ទាត់កម្ពុជាទៅថ្ងៃអនាគត់» ។ ដូច្នេះលោកបានចាត់ទុការប្រកួតជាមួយអ៊ីរ៉ង់ គឺជាការកំណត់ថា បាល់ទាត់កម្ពុជានៅកន្លែងណា?
គួរបញ្ជាក់ថា បន្ទាប់ពីរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមលេខ ១ នៅអាស៊ីហើយនោះ ក្រុមគោព្រៃកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ ដើម្បីហ្វឹកហាត់ និងត្រៀមការប្រកួតដ៏សំខាន់មួយទៀត ដោយត្រូវជួបក្រុមឈរលេខ៧៩ នៃតារាងចំណាត់ថ្នាក់ពិភពលោក គឺក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី១៥ ខែតុលាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយការប្រកួតនេះ លោក Honda ក៏នៅបន្ដដឹកនាំផងដែរ៕