(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទីមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលមានក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរ៉ែ និងថាមពល ព្រមទាំងអាជ្ញាធរដែនដី ចុះទៅពិនិត្យការបាក់ច្រាំងទន្លេ នៅមុខសាលាខេត្តក្រចេះ ដើម្បីរកវិធានការដោះស្រាយ។
លោក គន់ គីម បានឲ្យដឹងថា ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះ ត្រូវបានបាក់ទាំងស្រុងប្រវែង ៣០ម៉ែត្រ និងប្រឈមការបាក់បន្ថែមប្រវែងប្រមាន ១៤៥ម៉ែត្រទៀត។ លោក គន់ គីម បានបញ្ជាក់ថា ការបាក់ដោយសារការដុះកូនកោះនៅកណ្តាលទន្លេ នាំឲ្យចរន្តទឹកបង្វែរមកបុកច្រាំង និងមានជម្រាបទឹក្រោមដីចេញពីបឹងរំលាច និងតំបន់លិចទឹកនៅទីនោះ បណ្តាលឲ្យច្រាំងទន្លេបាត់លំនឹងនាំដល់ការរអិលស្រុតបាក់ច្រាំងតែម្តង។
បន្ទាប់ពីបានចុះពិនិត្យនៅព្រឹកមិញនេះ មន្ត្រីខាងក្រសួងធនធានទឹក បានស្នើទៅខាងក្រសួងរ៉ែ និងថាមពលផ្គត់ផ្គង់ខ្សាច់ ដើម្បីខ្លួនយកទៅចាក់ទប់ច្រាំងទន្លេការពារកុំឱ្យបាក់រាលដាលទៅច្រាំង ១៤៥ម៉ែត្រទៀត។ លុះទឹកស្រកវិញទើបរកវិធានការបន្តទៀត។
សូមបញ្ជាក់ថា ការបាក់ស្រុតច្រាំងទន្លេមុខសាលាខេត្តក្រចេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៖០០នាទីរសៀល។ ការបាក់ច្រាំងនេះ បណ្តាលឱ្យបាក់កន្លែងអង្គុយលេងកម្សាន្ត ក៏ដូចជាផ្លូវថ្មើជើងនៅតាមមាត់ទន្លេនោះផងដែរ៕