(ពោធិ៍សាត់)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវបានជនជាប់ចោទយកដាវសាំម៉ូរ៉ៃ កាប់ដាច់ជើងខាងឆ្វេង បានបដិសេធមិនទទួលយកសាលក្រមកំបាំងមុខ ចេញដោយសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ និងស្នើលោកប្រធានសាលាដំបូងខេត្ត មេត្តាពិនិត្យ និងសម្រេចកាត់រឿងនេះឲ្យមានយុត្តិធម៌សាជាថ្មី ដោយជនរងគ្រោះ ត្រូវការសំណង និងកាត់ទោសជនដៃដល់ឲ្យសាកសមទៅនឹងការឈឺចាប់ នៃការបាត់បង់អវយវៈ។
ក្នុងពាក្យបណ្តឹងទាស់ ដែលអង្គភាព Fresh News ទទួលបានពីលោក ពុធ ធាវី មេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះ បានសរសេរថា ឈ្មោះ រ៉េត រៀន ជាឪពុក និងជនរងគ្រោះ ឈ្មោះ រៀន មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្នើសុំប្តឹងទាស់ទៅនឹងសាលក្រមកំបាំងមុខ លេខ២១៣ (ក) ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ និងយោងលិខិតជូនដំណឹង អំពីសាលក្រមកំបាំងមុខ លេខ៣៨៩០ រប/១៩ ចុះថ្ងៃខែឆ្នាំដូចគ្នា របស់សាលាដំបូងខេត្តពោធិ៍សាត់។
ក្នុងលិខិតនោះបានបន្តថា ត្រង់ចំណុចសេចក្តីសម្រេចនៃសាលក្រមទាំងមូល ក្រុមគ្រួសារជនរងគ្រោះ សូមគោរពជូនលោកប្រធានសាលាដំបូងខេត្ត មេត្តាទទួលយកនូវពាក្យបណ្តឹងទាស់ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣៤២ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលកាត់ទោសឲ្យជនជាប់ចោទ (ជនដៃដល់) ឈ្មោះ ប៊ុន ឆេងហួរ (ហៅជីអូ) ភេទប្រុស ជាប់ពន្ធនាគារកំណត់ត្រឹមតែ៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តក្នុងពន្ធនាគារ រយៈពេលតែ២ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនមកទទួលទោស រួមទាំងព្យួរទោសធម្មតា ១ឆ្នាំទៀត និងបង្គាប់ឱ្យឪពុកម្តាយជនជាប់ចោទ ឈ្មោះ ប៊ុន ឆេងហួរ (ហៅជីអូ) បង់សំណងរដ្ឋប្បវេណីជាប្រាក់ត្រឹមតែ ២៥លានរៀល។ ក្នុងនោះក៏មានបក្ខពួក ២នាក់ទៀត ត្រូវបានតុលាការឃុំខ្លួនរយៈពេលខ្លី និងព្យួរធម្មតាទាំងមូល ព្រមទាំងបង់សំណងរដ្ឋប្បវេណី និងពិន័យជាប្រាក់រួម ៨លានតែប៉ុណ្ណោះ។
ជាមួយគ្នានោះ ក្រុមគ្រួសារជនរងគ្រោះ រួមទាំងសាមីខ្លួន បានបង្ហើបដល់តំណាងមេធាវីរបស់ខ្លួនថា «ករណីសំណុំរឿងនេះ បើមានការកាត់ក្តីដោយយុត្តិធម៌ និងសងសំណង ឲ្យសាកសមនឹងការបាត់បង់អវយវៈ (ជើងខាងឆ្វេងម្ខាង)នោះ យើងខ្ញុំក៏មិនប្តឹងជំទាស់នោះដែរ ក៏ប៉ុន្តែសាលក្រមកំបាំងមុខ ដែលចេញដោយសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ គឺមានភាពលំអៀងទៅជនជាប់ចោទ (ជនដៃដល់) ដោយគ្រាន់តែកាត់ឲ្យជាប់ពន្ធនាគារត្រឹមតែ៣ឆ្នាំ ហើយអនុវត្តក្នុងពន្ធនាគារ រយៈពេលតែ២ឆ្នាំ រួមទាំងព្យួរ ១ឆ្នាំទៀត និងបង់សំណង ត្រឹមតែ ២៥លានរៀលប៉ុណ្ណោះ»។
គួរបញ្ជាក់ថា សំណុំរឿងហឹង្សានេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈជនរងគ្រោះ ឈ្មោះ រៀន មករា និងមិត្តភក្រម្នាក់ទៀត បានជិះម៉ូតូជាមួយគ្នា ហើយក៏ត្រូវបានជនជាប់ចោទ (ជនដៃដល់) ឈ្មោះ ប៊ុន ឆេងហួរ (ហៅជីអូ) លបទាញកាំបិទសាំម៉ូរ៉ៃ កាប់ត្រូវជើងខាងឆ្វេងជនរងគ្រោះ បណ្តាលឲ្យដាច់ធ្លាក់ចុះក្រោម រួចក៏ជិះម៉ូតូជាមួយបក្ខពួកគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកបាកាន ដែលស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដោយរបួសជនរងគ្រោះស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ហូរឈាមសឹងដាច់ព្រលឹង ជាមួយពេលវេលាមិនអំណោយផលទៅនឹងការចិញ្ចឹមជើង ដើម្បីតភ្ជាប់ឡើងវិញ ជនរងគ្រោះត្រូវពិការជើងទាំងវ័យក្មេង និងត្រូវលាងសម្អាតរបួសរៀងរាល់ខែ ដោយគិតពីថ្ងៃកើតហេតុ មកដល់ពេលនេះ គឺចំណាយខ្ទង់ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ៕