(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីថ្លៃងការណ៍ ថ្កោលទោសយ៉ាងដាក់អហង្ការ ចំពោះ Facebook ឈ្មោះ Sovannara Som និងបក្ខពួក ដែលបានបង្ហោះខ្លឹមសារ និងយករូបភាពរបស់ឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកងកម្លាំងនគរបាល ក្នុងបំណងបំណងបំផ្លាញសន្តិភាព ញុះញង់ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាព កងកម្លាំងនគរបាលជាតិ។
អ្នកនាំពាក្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ទុកការបង្ហោះខ្លឹមសារនេះ គឺគ្រាន់តែជាព័ត៌មានក្លែងក្លាយ ដែលក្រុមឧទ្ទាមក្រៅច្បាប់ បានព្យាយាមផ្សព្វផ្សាយ ក្នុងចេតនាអាក្រក់ ញុះញុងដើម្បីបំភាន់សាធារណជន និងមានចេតនាបំផ្លាញដល់សន្តិភាព ឯករាជ្យជាតិ ដើម្បីបង្ខូចស្មារតីកងកម្លាំងនគរបាលជាតិ។
អ្នកនាំពាក្យនគរបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា «ព័ត៌មានដែលបង្ហោះនោះ គឺជាព័ត៌មានក្លែងក្លាយបំពុលសង្គម ផ្ទុយទៅវិញលោកឧត្តមសេនីយ៍ទោ អាត់ ខែម កំពុងតែថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ហើយមានតែជំហរមួយគត់ គឺប្តូរផ្តាច់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ប្រឆាំងដាច់ខាតគ្រប់ ឧបាយកលរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត»។
សូមជម្រាបថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមឧទ្ទាមក្រៅច្បាប់បានប្រើប្រាស់ឈ្មោះ និងរូបថតរបស់ថ្នាក់ដឹកនាំកងកម្លាំងយោធា និងនគរបាល បង្ហោះព័ត៌មានក្លែងក្លាយញុះញង់ បំណងបំផ្លាញសន្តិភាព ប៉ុន្តែត្រូវព័ត៌មានទាំងនោះត្រូវបានទាត់ចោលទៅវិញ៕