(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបលឿនដូចហោះ ទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យនារីម្នាក់រងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាននារីរូបស្រស់ពីរនាក់ បានរួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ ជាអ្នកបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MERCEDES GL450 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-9889 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចស្តុបប្រាសាទពេជ្រ ដោយរថយន្តលឿនពេកក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវចំពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងរបាំងថ្មរងការខូចខាតពីរផ្ទាំងផងដែរ។ ចំណែកឯនារីម្នាក់បានរងរបួសត្រូវចំជើង ត្រូវបានដឹកតាមរ៉ឺម៉កម៉ូតកង់បី ទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយ។
ដោយឡែកករណីមួយផ្សេងទៀត គឺករណីបើករថយន្តស៊េរីទំនើប បុករបាំងថ្មចែកទ្រូងផ្លូវដែរ ដោយបុរសម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿន ទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ត និងរបាំងថ្មរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបក្ដាន់ពីរដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER VELAR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-1777 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តខាងលើបើកបរដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវចំពេញមួយទំហឹង បណ្ដាលឲ្យរបាំងថ្មពីរផ្ទាំងរងការខូចខាតយ៉ាងដំណំ។
ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។ ភ្លាមៗនោះគេឃើញអ្នកបើករថយន្តខាងលើ បានរត់ចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕