(ភ្នំពេញ)៖ ខណៈដែលប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍជាបន្ដបន្ទាប់នោះ ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកឲ្យសាសនិកទាំងអស់នៅកម្ពុជា ក្រឡេកទៅមើលប្រទេសដែលកំពុងមានសង្គ្រាម ពោលពលរដ្ឋប្រទេសនោះទាំងអស់ គ្មានឱកាសដើម្បីគោរព ប្រណិប័តន៍ជំនឿសាសនាឡើយ។
ក្នុងឱកាសអញ្ជើញពិសាភោជនាអាហារជាមួយ ប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពី បទពិសោធន៍របស់កម្ពុជាខ្លួនឯង ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគ្រប់សាសនាទាំងអស់ ក៏ត្រូវបានលុបបំបាត់ចោល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវបទពិសោធន៍របស់កម្ពុជាខ្លូនឯង គឺគ្រប់គ្រាន់ណាស់ទៅហើយ នៅពេលដែលសង្គ្រាម បំផ្លិចបំផ្លាញ ចាប់ពីឆ្នាំ១៩៧០ ជាពិសេសក្នុងកាលៈទេសៈរបប ប៉ុល ពត សាសនាទាំងអស់នៅកម្ពុជាត្រូវបានស្លាប់ ហើយនៅពេលប្រទេសដែលមានសង្គ្រាម សួរថា តំបន់អសន្ដិសុខដោយសង្គ្រាមនោះ តើសាសនាអាចនឹងគោរពប្រណិប័តន៍បានរឿងទេ? នេះជាបទពិសោធន៍ផ្ទាល់របស់កម្ពុជា»។
បន្ថែមពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បង្ហាញនូវតឹកតាងថ្មីបន្ថែម ពិសេសប្រទេសដែលកំពុងតែមានសង្គ្រាមរ៉ាំរ៉ៃ ដូចជា លីប៊ី ស៊ីរី អ៉ីរ៉ាក់ ទុយនេស៊ី យ៉េមែន អាហ្វ្រិកកណ្ដាល ម៉ាលី លីបង់ជាដើម ដែលប្រទេសកម្ពុជា កំពុងតែបញ្ជូនកងទ័ពមួកខៀវទៅកាន់ទីនោះ មិនមានឱកាស នៃការគោរព និងប្រណិប័តន៍ជំនឿនោះឡើយ ទោះបីត្រូវគោរពនៅក្នុងចិត្តក៏ពិតមែន ប៉ុន្ដែព្រះវិហារត្រូវបានបំផ្លាញ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ប្រជាពលរដ្ឋគ្រប់ជំនឿសាសនាទាំងអស់ រួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងសង្គមឲ្យបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាឲ្យសោះ មានសន្តិភាព ទើបអាចធ្វើអ្វីៗបានគ្រប់យ៉ាង៕