(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវចំនួន ៦ចំណុចសំខាន់ៗ ឲ្យប្រជាពលរដ្ឋខ្មែរជាគ្រីស្ទបរិស័ទចូលរួមអនុវត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងទៅមុខបន្ថែមទៀត។
ការអំពាវនាវទាំង ៦ចំណុចនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធិពិសាភោជនាហារជាមួយ ប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ អនុវត្តនូវចំណុចសំខាន់ៗ ចំនួន០៦ចំណុចរួមមាន៖
*ទី១៖ ត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាឲ្យសោះ មានសន្តិភាព យើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង។
*ទី២៖ ត្រូវចូលរួមអនុវត្តឲ្យបានខ្ចប់ខ្ចួន នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដូចជាចូលរួមលុបបំបាត់ចោរឆក់ ចោរប្លន់ ល្បែងស៊ីសងនានា។
*ទី៣៖ តាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។
*ទី៤៖ ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង។ ដូច្នេះក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
*ទី៥៖ ត្រូវបន្តការយកចិត្តទុកដាក់ លើការធ្វើសុខដុមនីយកម្មសាសនាខ្លួនឯង និងធ្វើឲ្យមានទំនាក់ទំនងល្អជានិច្ច ជាមួយសាសនាដ៏ទៃទៀតផងដែរ។
*ទី៦៖ ត្រូវបន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យបានច្រើនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចូលរួមចំណែកក្នុងសង្គម និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏សូមឲ្យបងប្អូនអ្នកគោរពប្រតិបត្តិគ្រីស្ទសាសនាទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍ ទៅមុខទៀត។ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានជូនពរបងប្អូនគ្រីស្ទបរិស័ទទាំងអស់ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមព្រះយេស៊ូគ្រីស្ទ ព្រះអង្គប្រទានពរដល់បងប្អូន កូនក្មួយគ្រីស្ទបរិស័ទទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយសប្បាយចិត្ត ដែលបានអញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាគ្គី ជាមួយបងប្អូនគ្រីស្ទបរិស័ទនាពេលនេះ។ នេះជាលើកទី៤ ហើយដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបងប្អូនគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្ម វិស័យគ្រីស្ទសាសនា នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់គ្រីស្ថសាសនាទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការអភិវឌ្ឍប្រទេសជាតិ និងចូលរួមថែរក្សាសុខសន្តិភាព ជាពិសេសកន្លងមកនេះ បានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សាសនាធំៗនៅកម្ពុជា មាន៣ធំៗរួមមាន៖ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, មានឥស្លាមសាសនា និងគ្រីស្ទសាសនា។ ហើយសាសនាទាំងអស់អាចរស់នៅជាមួយគ្នាបាន ដោយមិនមានជម្លោះសាសនានោះទេ ហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាស និងគាំទ្រចំពោះសាសនាទាំងអស់នោះ ដោយមិនមានការបំបិទសិទ្ធ អ្នកកាន់សាសនាអ្វីឡើយ។
សម្ដេចតេជោ បានថ្លែងទៀតថា កម្ពុជាពិតជាមានមោទនៈភាព ចំពោះសាសនាទាំងអស់ ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏មិនមានការវាយប្រហារខាងណានោះទេ។ សម្រាប់ប្រទេសកម្ពុជា បងប្អូនជឿទៅលើ សាសនាមួយណា គឺជាសិទ្ធសេរីភាពរបស់បងប្អូន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានរស់ឡើងវិញក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ៕