(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធិពិសាភោជនាហារជាមួយ ប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាមួយរូប ដែលគេបានមើលឃើញថា មិនត្រឹមតែបានយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យបានរុងរឿងនោះទេ តែក៏ជាមេដឹកនាំដែលបានយកចិត្តទុកដាក់ និងកសាងសុខដុមនីយកម្មផ្នែកសាសនានៅក្នុងប្រទេសកម្ពុជាផងដែរ។
បើទោះបីសម្តេចតេជោជាអ្នកកាន់ព្រះពុទ្ធសាសនា តែសម្តេចមិនដែលរើសអើសចំពោះជំនឿ និងសាសនារបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ បន្ថែមពីលើនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្រឡាញ់ និងផ្តល់ភាពកក់ក្តៅគ្រប់ប្រជាពលរដ្ឋខ្មែរមានជំនឿលើសាសនាក្រៅពីព្រះពុទ្ធសាសនា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលមួយឆ្នាំកន្លងទៅនេះ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានរួមគ្នាសម្រេចនូវការងារជាច្រើន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រីស្ទបរិស័ទ បានរួមគ្នាជួយរក្សាសុខសន្តិភាព ជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាចម្បងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីក្រោយរំដោះប្រទេស តែងតែខិតខំធ្វើសុខដុមនីយកម្មផ្នែកសាសនា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជឿខុសគ្នាខាងសាសនា មិនមែនជាឧបសគ្គក្នុងការកសាងសុខសន្តិភាព និងភាពសុខដុមនៅក្នុងសង្គមនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខុសគ្នាខាងសាសនាមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍសង្គមនោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែលបានធ្វើឱ្យគ្រប់សាសនារស់ឡើងវិញ បន្ទាប់ពីបាត់បង់ទាំងអស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់សាសនានៅកម្ពុជា គឺមានអាយុស្មើគ្នា ពោលគឺសុទ្ធតែរស់ឡើងវិញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា គ្រប់សាសនានៅកម្ពុជា សុទ្ធតែបានរីកចម្រើន ដែលការរីកចម្រើននេះ សុទ្ធតែបានផ្សារភ្ជាប់ជាមួយការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រទេសជាតិគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍទេនោះ គ្រប់សាសនាសុទ្ធតែរងផលប៉ះពាល់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋក៏ទទួលបានប្រយោជន៍ពីសាសនាផងដែរ ពោលបើសាសនាជួយអប់រំមនុស្សឱ្យបានល្អ រដ្ឋក៏ទទួលបាននូវភាពសុខសាន្តផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ មិនមានសាសនាណាមួយអប់រំមនុស្សឱ្យប្រព្រឹត្តអំពើមិនល្អនោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់គ្រីស្ទបរិស័ទទាំងអស់រួមគ្នាការពារសន្តិភាព សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។
*សម្តេចតេជោ បានគូសបញ្ជាក់ថា បើគ្មានសន្តិភាព គ្មានសន្តិសុខទេ កុំរំពឹងដល់ការរីកចម្រើនផ្នែកសាសនា។
*សម្តេចតេជោ ហ៊ុន សែន បានសុំឱ្យក្រឡេទៅមើលប្រទេសកំពុងមានសង្គ្រាមដូចជា លីប៊ី ស៊ីរី អ៉ីរ៉ាក់ ទុយនេស៊ី យ៉េមែន អាហ្វ្រិកខាងត្បូង លីបង់ជាដើម មិនមានឱកាសនៃការគោរព និងប្រណិប័តន៍ជំនឿនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវទុកឱ្យសុខសន្តិភាពក្លាយទៅជាចំណាប់ខ្មាំងរបស់ជនណាម្នាក់នោះឡើយ គឺត្រូវរួមចិត្តរួមថ្លើមគ្នារក្សាឱ្យបាន។
*សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រីស្ទបរិស័ឱ្យចូលរួមធ្វើឱ្យនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទទួលបានជោគជ័យ។
*សម្តេចតេជោ ហ៊ុន សែន រំពឹងថា ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាលរបស់គ្រីស្ទសាសនា នឹងជួយអប់រំគ្រីស្ទបរិស័ទ ឱ្យចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
*សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រីស្ទបរិស័ទទាំងអស់ រួមគ្នាទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន បានសម្លាប់មនុស្សច្រើនជាងសម័យសង្គ្រាមទៅទៀត។
*សម្តេចតេជោ ហ៊ុន សែន រំពឹងគ្រីស្ទបរិស័ទ មិនត្រឹមតែគោរពច្បាប់ចរាចរណ៍ខ្លួនឯងនោះទេ តែអាចជួយអប់រំដល់អ្នកដំណើរដទៃទៀតផងដែរ។ ពោលថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
*សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រីស្ទបរិស័ទ ចូលរួមធ្វើសុខដុមនីយកម្មនៅក្នុងសាសនារបស់ខ្លួនឯងផងដែរ។ ដ្បិតថា គ្រីស្ទសាសនាមាននិកាយខុសគ្នាច្រើនផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងហួសចិត្តចំពោះប្រទេសអង់គ្លេស ដែលគ្រាន់តែការកាន់និកាយខុសគ្នាបានឈានដល់ការបែងចែកផ្លូវគ្នាដើរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមិនអាចឱ្យមានការបែងបែកផ្លូវគ្នាដើរ ព្រោះកាន់សាសនាខុសគ្នានោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់គ្រីស្ទបរិស័ទឱ្យពង្រឹងទៅលើការបណ្តុះបណ្តាល ដើម្បីធ្វើឱ្យសាសនានោះកាន់តែរឹងមាំ។
*សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មានមោទនភាពបំផុត ដែលក្នុងរយៈពេល ៤០ឆ្នាំមកនេះ បានធ្វើសុខដុមផ្នែកសាសនា ហើយមិនមានជម្លោះណាមួយកើតឡើងនោះឡើយ។
*មុនបញ្ចប់សារសំណេះសំណាលសម្តេចតេជោ អំពាវនាវដល់គ្រីស្ទបរិស័ទ និងប្រជាពលរដ្ឋរួមគ្នាថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៥៖៣៦នាទី, សូមអរព្រះគុណ និងសូមអរគុណ សម្រាប់ទស្សនាការផ្សាយផ្ទាល់របស់ទូរទស្សន៍ Fresh News៕