(ភ្នំពេញ)៖ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងបទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងថា សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការអចិន្ដ្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនោះ សមាសភាពគ្រប់ថ្នាក់ នៃរចនាសម្ព័ន្ធនេះ ក្លាយជាមុខសញ្ញរបស់សមត្ថកិច្ច ដែលអ្នកទទួលផែនការរដ្ឋប្រហារ។
លោក គឹម សន្ដិភាព ក៏បានបង្ហាញផ្លូវមួយទៀតផងដែរថា ប្រសិនបើអ្នកទាំងអស់នោះ ចង់រួចផុតពីការទទួលខុសត្រូវផ្លូវច្បាប់ ចំពោះបទឧក្រិដ្ឋមួយនេះ ត្រូវមកសារភាពទោសកំហុសរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ដូចសមាជិកមួយចំនួនដែលបានទទួលការអនុគ្រោះកន្លងមកជាបន្ដបន្ទាប់ ដោយសារការភ្ញាក់រលឹកខ្លួន។
អ្នកនាំពាក្យ គឹម សន្ដិភាព បានលើកឡើងយ៉ាងដូច្នេះថា «យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃ១៥ ខែកញ្ញា របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាអង្គការខុសច្បាប់ ត្រង់ចំណុចទី៤ គឺបានចាត់តាំងឲ្យរចនាសម្ព័ន្ធរបស់បក្សខ្លួនគ្រប់លំដាប់ថ្នាក់ ជាអ្នកទទួលអនុវត្តរាល់ផែនការផែនការ រដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម។
ហេតុដូចនេះចង់ ឬមិនចង់ អ្នកដែលស្ថិតក្នុងរចនាសម្ព័ន្ធ នៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ គឺជាអ្នកដែលពាក់ព័ន្ធ ក្នុងផែនការរដ្ឋប្រហាររំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម ដែលអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មានតួនាទីអនុវត្តរាល់វិធានការច្បាប់ លើជនទាំងនេះ។
ហេតុនេះដើម្បីបានរួចផុតពីការទទួលខុសត្រូវផ្លូវច្បាប់ លើបទឧក្រិដ្ឋនេះ សូមភ្ញាក់ខ្លួនចេញមកសារភាព ជាមួយសមត្ថកិច្ចជាបន្ទាន់នោះ អ្នកនឹងបានរួចផុតពី ទោសទណ្ឌនេះ ដូចករណីឈ្មោះ ហុង សំចិត្រ អតីតជាអនុប្រធានប្រតិបត្តិ គណបក្សសង្គ្រោះជាតិស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងឈ្មោះ សាំង ស៊ីណា អតីតចៅសង្កាត់ស្ទឹងមានជ័យទី៣នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលសារភាព ជាមួយសមត្ថកិច្ចនៅពេលថ្មីៗនេះ»។
សូមជម្រាបថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយកណបក្សប្រជាជនកម្ពុជា និងរបបដឹកនាំជាតិ។ មេដឹកនាំក្រុមឧទ្ទាម សម រង្ស៉ី ថែមទាំងអំពាវនាវ ប្រឆាំងរដ្ឋធម្មនុញ្ញដោយបង្គាប់ឲ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នច្បាប់ធំៗ បានចាត់ទុកថា ទង្វើរបស់លោក សម រង្ស៉ី នាពេលនេះគឺជាបទល្មើសធ្ងន់ធ្ងរដែលបង្កអសន្តិសុខដល់ជាតិ ហើយបានឆ្លងផុតបន្ទាត់ក្រហម ដែលមិនអាចលើកលែងឲ្យបាន។ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយបានចាប់ផ្តើមអនុវត្តនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី និង បក្ខពួក មិនឲ្យសម្រេចនោះឡើយ៕