(ភ្នំពេញ)៖ លោក ម៉ាត់ ឧស្មាន ប្រធានប្រជាការពារសង្កាត់ច្រាំងចំរេះទី២ ដែលធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងភូមិក នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ទទួលបានការជួបសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយជីវភាពមួយគ្រា ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ។
ក្នុងឱកាសប្រគល់ និងទទួលការឧបត្តម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ, ប្រធានប្រជាការពារ សង្កាត់ច្រាំងចំរេះទី២ ដែលធ្លាក់ខ្លួនឈឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាជិក សមាជិកាប្រចាំការអនុសាខាខណ្ឌ, ក្រុមការងារ ក.ក្រ.ក សង្កាត់, ចៅសង្កាត់រង, ក្រុមប្រឹក្សាសង្កាត់, មេប៉ុស្តិ៍, យុវជន ក.ក្រ.ក, យុវជន ស.ស.យ.ក, និងមេភូមិ ក្រោមការដឹកនាំដោយលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ។
ក្រៅពីឧបត្តម្ភគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, លោកស្រី អាន ផល្លា ជា ពិសី បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋរងគ្រោះ តាមជាក់ស្ដែង ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
លោកស្រីអនុប្រធានកិត្តិយសអនុសាខាខណ្ឌថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែជនងាយរងគ្រោះប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ស្ថិតក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕