(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសមាជលើកទី២ និងទិសដៅការងារ ឆ្នាំ២០១៩-២០២២ ក្រោយដំណើរការពេញមួយថ្ងៃ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស.ស.ស.ក បញ្ជាក់ថា សមាជរបស់ខ្លួនរយៈពេលពេញមួយនេះ ដើម្បីត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារអាណត្តិទី១, បោះឆ្នោតជ្រើសតាំងគណៈនាយកអាណត្តិទី២, និងលើកទិសដៅការងារអាណត្តិបន្ត។

អង្គសមាជសម្រេចបានលទ្ធផលជាផ្លែផ្កាដូចតទៅ៖

*ទី១៖ អង្គសមាជបោះឆ្នោតជ្រើសតាំង លោក ហ៊ុយ វណ្ណៈ ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអាណត្តិទី២ ដឹកនាំស.ស.ស.ក រយៈពេល៣ឆ្នាំបន្ត (ឆ្នាំ២០១៩-២០២២) និងបានបោះឆ្នោតជ្រើសតាំងស្ថាបនិក ១៩រូបផ្សេងទៀតជា៖ អនុប្រធានប្រចាំការ០១រូប, អនុប្រធាន០៣រូប, អគ្គលេខាធិការ១រូប, អគ្គលេខាធិការប្រចាំការ០១រូប, អគ្គលេខាធិការរង០៥រូប, និងប្រធានគណៈកម្មាធិការជំនាញ០៩រូប។

គណៈកម្មាធិការជំនាញទាំង០៩រួមមាន៖ ផ្នែកគាំពារការពារសិទ្ធិសារព័ត៌មាន, ផ្នែកក្រមសីលធម៌និងក្រុមប្រឹក្សាវិន័យ, ផ្នែកលើកកម្ពស់ស្ត្រី ក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ, ផ្នែកអប់រំបណ្តុះបណ្តាល, ផ្នែកទំនាក់ទំនងជាតិ និងអន្តរជាតិ, ផ្នែកកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ, ផ្នែកកិច្ចការមនុស្សធម៌, ផ្នែកចលនា និងទ្រទង់អ្នកសារព័ត៌មាន, និងផ្នែកគណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា។

*ទី២៖ អង្គសមាជ បានសម្រេចធ្វើលក្ខន្តិកៈបំពេញបន្ថែម ដើម្បីឲ្យស្របសភាពការណ៍តម្រូវជាក់ស្តែង និងការរីកធំធាត់របស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

*ទី៣៖ អង្គសមាជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ដែលស.ស.ស.ក សម្រេចបានក្នុងរយៈពេល៣ឆ្នាំ នៃអាណត្តិទី១ (ឆ្នាំ២០១៦-២០១៩) ប្រកបដោយមោទនភាព ជាពិសេស ស.ស.ស.ក បានខិតខំកសាងអង្គភាព និងបានពង្រីកខ្លួនចាក់ឬសជ្រៅ ដើម្បីឈរឲ្យរឹងមាំយូរអង្វែង ហើយអាចធ្វើសកម្មភាពការងារបញ្ចេញផ្លែផ្កា ចូលរួមចំណែកខាងវិស័យព័ត៌មាន និងការផ្សព្វផ្សាយជូនទៅសង្គមជាតិមាតុភូមិ។

*ទី៤៖ អង្គសមាជ បានសម្រេចបង្កើត «មជ្ឈមណ្ឌលព័ត៌មានវិទ្យា» ឲ្យស្របនឹងបរិបទវិវត្តន៍ជឿនលឿន ដើម្បីជាមូលដ្ឋានចាប់យកបច្ចេកវិទ្យា ទៅអភិវឌ្ឍវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។ ស.ស.ស.ក នឹងចងក្រងបោះពុម្ពផ្សាយសៀវភៅ២ ចំណងជើង៖ ទី១៖ អ្នកសារព័ត៌មានកម្ពុជា និងទី២៖ អគារសេរីភាព។ អង្គសមាជ បានដាក់ចេញសកម្មភាពប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផុសការចូលរួមលុបបំបាត់រូបភាពហិង្សា និងសម្តីអសុរសលើសារព័ត៌មាន និងបណ្តាញសង្គម។

*ទី៥៖ អង្គសមាជ បានសម្រេចបង្កើតយន្តការសមាជិកពេញសិទ្ធិ ដើម្បីបើកឱកាសឲ្យអ្នកសារព័ត៌មានអាជីព ប្រើប្រាស់ធនធានសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ចូលរួមជាមួយស.ស.ស.ក ក្នុងបុព្វហេតុអភិវឌ្ឍន៍គុណភាពព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ ក្នុងអាណត្តិទី២នេះ ស.ស.ស.ក សម្រេចទទួលស្គាល់សមាជិកពេញសិទ្ធិចំនួន៨០រូប។

*ទី៦៖ អង្គសមាជ បានសម្រេចដាក់ចេញផែនការសកម្មភាព សម្រាប់អាណត្តិទី២ រយៈពេល៣ឆ្នាំបន្ត ដោយរំចេញនូវឯកសារគោល៖ «ចក្ខុវិស័យ២, សរសរស្តម្ភ៥, និងសកម្មភាព១០» នោះដើម្បីសម្រេចនូវគោលបំណងដ៏ពិសិដ្ឋរបស់ខ្លួនគឺ «ពង្រឹងគុណភាពព័ត៌មាននៅកម្ពុជា និងចូលរួមចំណែកផ្សព្វផ្សាយ ក្នុងបុព្វហេតុការពារផលប្រយោជន៍ និងកិត្តិយសកម្ពុជា ទាំងនៅឆាកជាតិ និងអន្តរជាតិ»។

*ទី៧៖ អង្គសមាជ បានដាក់ចេញគោលដៅចងសម្ព័ន្ធភាពជាមួយ សមាគម ក្លឹប ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីបង្កើតភាពជាដៃគូ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែក និងសហការបំពេញឲ្យគ្នាទៅវិញទៅមកលើវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។

*ទី៨៖ អង្គសមាជ ទទួលស្គាល់ការប្រឈម ដែលត្រូវខិតខំធ្វើការងារទ្វេដង ដើម្បីបន្តទទួលបានការចូលរួមគាំទ្រទាំងស្មារតី និងហិរញ្ញវត្ថុពីម្ចាស់ជំនួយ និងសប្បុរសជននានា សម្រាប់ទ្រទ្រង់ផ្នែករដ្ឋបាល និងការអនុវត្តសកម្មភាពការងាររបស់ ស.ស.ស.ក ឲ្យមាននីរន្តភាព និងទទួលលទ្ធផលជាផ្លែផ្កាបន្តទៀត។

*ទី៩៖ អង្គសមាជ បានរំលឹកគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចក្រឡាហោម ស ខេង និងលោកស្រី, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី, លោក ប៉ា សុជាតិវង្ស, លោក ខៀវ កាញារីទ្ធ, លោក ហ៊ុន ម៉ានី, លោក ឃួង ស្រេង ព្រមទាំងថ្នាក់ដឹកនាំឯទៀត ដែលបានគាំទ្រដ៏ថ្លៃថ្លាដល់បេសកកម្មរបស់ ស.ស.ស.ក។ ជាមួយគ្នានេះ អង្គសមាជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនពីវិស័យឯកជន ដែលបានបរិច្ចាកថវិកា គាំទ្រសកម្មភាពការងារ ស.ស.ស.ក កន្លងមករួមមាន៖ អ្នកឧកញ៉ា ហុង ពីវ, អ្នកឧកញ៉ា គិត ម៉េង, លោកឧកញ៉ា លី ហួរ, និង លោកឧកញ៉ា លាង ឃុន ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។

*ទី១០៖ អង្គសមាជ បានកោតសរសើចំពោះ ស្ថាបនិក ទីប្រឹក្សា និងសមាជិក-សមាជិកា ដែលមានស្មារតីចូលរួមការងារស្ម័គ្រចិត្តជាមួយ ស.ស.ស.ក ដោយស្មារតីសាមគ្គី។ ស.ស.ស.ក បានប្តេជ្ញាចិត្តបន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្រោមស្មារតី «រក្សាចាស់ បន្ថែមថ្មី», និងមានពាក្យស្លោក «ដើមនៅឯស្រែ ផ្លែនៅឯផ្សារ» ដែលអាចរីកសាយជាប្រយោជន៍ទៅគ្រប់ទីកន្លែង។

អង្គសមាជ បានរំលឹកជាថ្មី ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈ, បទបញ្ជាផ្ទៃក្នុង, និងរចនាសម្ព័ន្ធដឹកនាំការងាររបស់ ស.ស.ស.ក, ព្រមទាំងគោរពច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្កល់បាវចនា៖ «ជាតិ សាសនា ព្រះមហាក្សត្រ» ខ្ពស់បំផុត៕