(ព្រះសីហនុ)៖ «ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងអាជ្ញាធរខេត្តព្រះសីហនុ សូមចូលរួមអបអរសាទរចំពោះប្អូនសិស្សានុសិស្សជ័យលាភីនិទ្ទេសអេ (A) ទាំងអស់។ នេះជាជោគជ័យក្នុងជីវិតរបស់ប្អូនៗ ព្រមទាំងសូមចូលរួមរីករាយជាមួយនឹងមាតាបិតា អាណាព្យាបាលសិស្ស និងសូមវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការពិសេសមន្ត្រីអប់រំ ដែលបានជួយបំប៉នដល់ សិស្សានុសិស្ស បង្កលក្ខណៈងាយស្រួលក្នុងការសិក្សា ចូលរួមចំណែកក្នុងការបណ្តុះ បណ្តាលធនធានមនុស្សប្រកប ដោយគុណភាព ចូលរួមកសាង និងអភិវឌ្ឍធនធានមនុស្ស»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុក្នុងឱកាសនៃពិធីសំណេះ សំណាលជាមួយបេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនិទ្ទេស «A» នៅវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
កម្មវិធីសំណេះសំណាលដែលរៀបចំឡើងដោយ រដ្ឋបាលសាលាខេត្តព្រះសីហនុមានការចូលរួមលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បង្ហាញថា នៅក្នុងឆ្នាំសិក្សា២០១៨- ២០១៩ ខេត្តព្រះសីហនុមានបេក្ខជនប្រឡងសរុប ១.៥៧០នាក់ ស្រី៧៥០នាក់ ប្រឡងជាប់ ១.២២៤ នាក់ ស្រី៦០៥នាក់ ស្មើនឹង ៧៧.៩៦ ភាគរយ។ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ១៣នាក់ (ស្រី ៦នាក់) សិស្សនិទ្ទេស B ចំនួន ៤៧នាក់ (ស្រី ២៧នាក់) និទ្ទេស C ៨៥នាក់ (ស្រី ៤៩នាក់) និទ្ទេសD ចំនួន ២២១នាក់ (ស្រី ១២០នាក់) និងនិទ្ទេសE ៨៥៨នាក់ (ស្រី ៤០៣នាក់)។
ដោយឡែក គ្រឹះស្ថានសិក្សាមានសិស្សប្រឡងទទួលបាននិទ្ទេស A មានចំនួន៥ ក្នុងនោះ៖ ទី១-វិទ្យាល័យក្រុងព្រះសីហនុ មាននិទ្ទេស A ៥នាក់ ស្រី ២នាក់, ទី២-វិទ្យាល័យជីវិតចំនួន ៣នាក់, ទី៣) វិទ្យាល័យហ៊ុនសែនមិត្តភាពចំនួន ២នាក់, ទី៤)-វិទ្យាល័យហ៊ុនសែនវាលរេញ ២នាក់ និងទី៥) វិទ្យាល័យហ៊ុនសែនព្រៃនប់ ចំនួន ០១នាក់។
លោក គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីការិយាល័យជំនាញ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជនបានខិតខំបង្ហាត់បង្រៀន ក្មួយៗ សិស្សជ័យលាភីក្នុងសម័យប្រឡង១៩ សីហា ២០១៩ បានទទួលលទ្ធផលល្អយ៉ាងត្រចេះត្រចង់ ក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍធន ធានមនុស្សប្រកបដោយគុណភាពសមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ពិសេសក្នុងពេលដែលកម្ពុជាឈានចូលជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឱ្យប្អូនៗជាជ័យលាភីសិស្សនិទ្ទេស A និងនិងបេក្ឋជនប្រឡង ជាប់សញ្ញាបត្រទុតិយភូមិដទៃទៀតត្រូវខិតខំសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា និងត្រូវចាប់យកឱកាសដែលខេត្តព្រះសីហនុកំពុងត្រូវការនាពេលបច្ចុប្បន្ន ដើម្បីធានានិរន្តរ ភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក សាយ សំអាល់ ក៏បានជំរុញឲ្យមន្ត្រីអប់រំខេត្តព្រះសីហនុ បង្កើតចលនាប្រឡងប្រណាំងគ្រូគំរូ សាលារៀនគំរូ និងការប្រឡងប្រណាំងតាម សាលានីមួយៗផងដែរ ដើម្បីពង្រឹងគុណភាពសិក្សា ស្រប តាមចក្ខុវិស័យរបស់ក្រសួងអប់រំ និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុរួមនឹងអាជ្ញាធរខេត្តបានចែករង្វាន់ជូនដល់សិស្សជ័យលាភីនិទ្ទេស A ចំនួន ១៣រូបដែលក្នុងម្នាក់ទទួលបានម៉ូតូ ០១គ្រឿង និងថវិកាចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក។ ដោយឡែក សិស្សនិទ្ទេស B បានទទួលបណ្ណសរសើរ ជាការលើកទឹកចិត្ត និងផ្តល់លិខិតសរសើរដល់សាលា ដែលមានសិស្សប្រឡងបាននិទ្ទេស A និងថវិកាមួយចំនួនផងដែរ៕