(កំពង់ចាម)៖ បេសកកម្មថ្មីរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានផ្តល់ស្នាមញញឹមថ្មី ជូនប្រជាពលរដ្ឋនៅលើទឹកដីចាស់ តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជិត៥,០០០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម។
តាមរយៈការចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃជិត៤,០០០នាក់ ស្ថិតក្នុងបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សណ្តែក ភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បំពង់ក រោគស្រ្តី ស្ត្រីមានផ្ទៃពោះ និងការវះកាត់តូចៗ នៅនឹងកន្លែងតែម្តងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលសកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយលោក ចាន់ សុភ័ស្ត អនុប្រធានប្រតិបត្តិ សមាគមគមគ្រូពេទ្យស្ម័គ្រចិត្តយុវជជនសម្តេចតេជោ (TYDA) តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាសមាគម និងលោកស្រី ពេជ ចន្ទមុន្នី រួមនិងថ្នាក់ដឹកនាំសមាគម TYDA មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កម្លាំងស្ម័គ្រចិត្តយុវជន និងប្រជាពលរដ្ឋជាច្រើននាក់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក ចាន់ សុភ័ស្ត បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដូច្នេះទើបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្កើតឲ្យមានក្រុមគ្រូពេទ្យនេះឡើង ដើម្បីចុះមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន ដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋដែរ រស់នៅតាមទីជនបទ។
លោក ឈឹម សារ៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកអគ្គនាយកដ្ឋានលទ្ធកម្ម សាធារណៈក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារ ចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន បានបញ្ជាក់ថា វិស័យសុខាភិបាល គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យយើងរស់នៅ បានសុខសប្បាយ។ ដូច្នេះយើងទាំងអស់គ្នា ចូលរួមថែរក្សាភាពសុខសាន្តរបស់យើង ដោយមិនទៅចូលរួមទង្វើណាមួយ ដែលខុសច្បាប់។
ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យសុខភាព និងព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានសម្ដែងនូវក្តីរំភើបសប្បាយរីករាយ រកអ្វីប្រៀបស្មើពុំបាន ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខភាព ជូនប្រជាពលរដ្ឋទូទៅ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ ពួកគាត់ បានឲ្យដឹងទៀតថា ការព្យាបាលសុខភាព ជូនពួកគាត់នាពេលនេះ គឺបានកាត់បន្ថយការចំណាយ ក្នុងក្រុមគ្រួសាររបស់ពួកគាត់ ស្របពេលដែលជីវភាព របស់ពួកគាត់នៅតាមទីជនបទ កំពុងជួបនូវការខាត់ និងនៅឆ្ងាយពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ក៏ជាការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីរាជការ អាជ្ញាធរ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ យុវជន ក្នុងការបម្រើសេវាសុខាភិបាល បង្ខិតឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីជួយសម្រាលនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃផងដែរ៕