(ពោធិ៍សាត់)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ កម្មករ-កម្មការិនី រោចក្រកាត់ដេរតៃអ៊ីហ្សី ស្រុកក្រគរ ជាច្រើននាក់ផ្ទុះការការតវ៉ា និងបិទផ្លូវជាតិលេខ៥ ដោយទាមទារនូវលក្ខខណ្ឌចំនួន ៤ចំណុច។
ភ្នាក់ងារ Fresh News បានឲ្យដឹងថា លក្ខខណ្ឌ ៤ចំណុចដែលក្រុមកម្មករ-កម្មការិនី ទាមទារនោះរួមមាន ទី១៖ រោងចក្រមិនទាន់បើកលុយដំណាច់ឆ្នាំ, ទី២៖ ឲ្យមានលុយ ABC (ផ្តាច់ ABC ឲ្យមួយថ្ងៃ៥០០រៀល), ទី៣៖ លុយ ៥ភាគរយ (លុយអតីតភាព) និងទី៤៖ អង្ករមួយខែ ១៥គីឡូ តែមិនទាន់បើកឲ្យ៥ខែហើយ។
យ៉ាងណាមិញ សម្រាប់ការតវ៉ានេះ រហូតមកដល់ម៉ោងជាង ៣រសៀលថ្ងៃទី១២ ខែតុលានេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះមកអន្ដរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ហា ប៉ុន្ដែជំហ៊ានដំបូងលោកស្នើឲ្យក្រុមកម្មករ បើកចរាចរណ៍ឡើងវិញ ដើម្បីកុំឲ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
រហូតដល់ម៉ោង០៣៖៣០នាទីរសៀល ក្រុមកម្មករទាំងអស់ក៏បានយល់ព្រមតាមលោកអភិបាលខេត្ត ដោយរំសាយគ្នានៅថ្ងៃនេះ ហើយណាត់ជួបគ្នាម្ដងទៀត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីធ្វើការដោះស្រាយ៕