(ភ្នំពេញ)៖ ធនាគារ វឌ្ឍនៈ បានបើកសម្ពោធសាខាថ្មីទី១៣ សាខាទួលគោក របស់ខ្លួននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ។
សាខាថ្មីនេះ មានទីតាំងស្ថិតនៅអគារកម្ពស់៣ជាន់ ដែលមានទីធ្លាធំទូលាយ នៅលើបណ្តោយផ្លូវលេខ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខសាលាបឋមសិក្សាទួលគោក) ហើយនឹងមានផ្តល់សេវាកម្មធនាគារគ្រប់ប្រភេទ រួមទាំងការផ្តល់ឥណទានខ្នាតតូច និងសេវាកម្មបង់ពន្ធដារ-ពន្ធគយគ្រប់ប្រភេទ។
លោក ទូច ណារិន ជាប្រធានសាខា និងលោក វិបុល អាម៉ាណា ជាអនុប្រធានសាខា របស់ធនាគារ វឌ្ឍនៈ សាខាទួលគោក ដែលជាអ្នកគ្រប់គ្រងលើដំណើរការប្រតិបត្តិការធនាគារប្រចាំថ្ងៃរបស់សាខាផ្ទាល់។
សាខាថ្មីនេះ នឹងផ្តល់សេវាកម្មធនាគារគ្រប់ប្រភេទជូនអតិថិជន ដែលមានលំនៅឋាន ឬអាជីវកម្មនៅខណ្ឌទួលគោក និងតំបន់នៅជិតៗនោះ ជាពិសេសលើការផ្តល់សេវាកម្មបង់ពន្ធ-អាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សផងដែរ។
ទន្ទឹមនឹងនោះ ធនាគារ វឌ្ឍនៈ ក៏បានសូមស្វាគមន៍ និងគាំទ្រសហគ្រាសអាជីវកម្មខ្នាតតូច-មធ្យម ដើម្បីជួយបង្កើនទុន និងជំរុញសហគ្រាសអាជីវកម្មទាំងនេះ ឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។
លើសពីនេះ ធនាគារ វឌ្ឍនៈ សាខាទួលគោក មានសាលផ្តល់សេវាកម្មធនាគារប្រកបដោយផាសុកភាព និងទីធ្លាចំណតធំទូលាយ ងាយស្រួលសម្រាប់អតិថិជនមកធ្វើប្រតិបត្តិការធនាគារ ហើយយើងក៏មានការិយាល័យផ្តល់សេវាកម្មពិសេស “សេវាកម្មមាស” រង់ចាំបម្រើជូនអតិថិជនរបស់ធនាគារវឌ្ឍនៈផងដែរ។
ធនាគារ វឌ្ឍនៈ គឺជាធនាគារដែលមានភាគទុនិកក្នុងសុ្រកសុទ្ធ បង្កើតឡើងនៅក្នុងឆ្នាំ២០០២។ ធនាគារ មានទីស្នាក់ការកណ្តាលនៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជធានីភ្នំពេញ។
ធនាគារ វឌ្ឍនៈ មានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលមាន៨សាខានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាសាខាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តតាកែវ ហើយសាខាថ្មី សាខាខេត្តកំពង់ចាម នឹងបើកសម្ពោធនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
ធនាគារ វឌ្ឍនៈ ទទួលបាននូវទំនុកចិត្ត និងការជឿទុកចិត្តពីអតិថិជន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ និងទទួលបាននូវកិត្តិសព្ទល្អ ក្នុងការផ្តល់សេវាអតិថិជនល្អឥតខ្ចោះ និងមានអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួនជាច្រើនឆ្នាំកន្លងមក៕