(ភ្នំពេញ)៖ ក្រុមហ៊ុនខេមាគ្លូប៊ល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានប្រារព្ធពិធីអបអរសាទរសាមិទ្ធិផលបីឆ្នាំនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា និងបានប្រកាសពីផែនការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការចុះហត្ថលេខាជាផ្លូវការ ជាមួយនិងដៃគូវិនិយោគថ្មី អ៊ី.អិម.អាយ.អេ (EMIA) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏ដូចជាដៃគូយុទ្ធសាស្រ្តនៅក្នុងស្រុក និងនៅក្រៅប្រទេសមួយចំនួនទៀត
ការចុះអនុស្សរណៈនេះ ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃសេវាពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និងថែទាំសុខភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត សោម លក្ខិណា និងលោកវេជ្ជបណ្ឌិត អ៊ុ សុភាព ដែលជាសហស្ថាបនិកនៃ”មន្ទីរពហុព្យាបាលអន្តរជាតិខេមា «ដែលមានទីតាំងនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន និង“មន្ទីរសំរាកព្យាបាល និងសម្ភពខេមា» ដែលមានទីតាំងនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានរំឮកឡើងវិញថា មន្ទីរសម្រាកព្យាបាលទាំងពីរនេះ ត្រូវបានបង្កើតឡើងដោយសារតែលោកនិងមិត្តភក្តិមួយចំនួន តែងតែមានក្តីស្រមៃចង់ឃើញសេវាថែទាំសុខភាពរបស់កម្ពុជាយើង ជាពិសេសសេវាថែទាំសុខភាពឯកជន មានភាពរីកចំរើន និងរឹងមាំ មានគុណភាព និងស្តង់ដាខ្ពស់ ដូចនៅក្នុងបណ្តាប្រទេសមានការអភិវឌ្ឍន៍នៅក្នុងតំបន់ និងក្នុងពិភពលោក។
មន្ទីរពហុព្យាបាលអន្តរជាតិខេមា ជាសាខាទី២ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០១៦ ហើយរយៈពេលបីឆ្នាំកន្លងមកនេះ សម្រេចបាននូវសម្មិទ្ធិផលជាច្រើនក្នុងការផ្តល់សេវាកម្មវេជ្ជសាស្រ្ត ផ្នែកព្យាបាលរបួសនិងសង្គ្រោះបន្ទាន់ ផ្នែកសម្ភពនិងរោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ជំងឺឆ្លង និងជំងឺមិនឆ្លង (ដូចជាជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺបេះដូងនិងសរសៃឈាម ជំងឺមហារីក) ផ្នែកវះកាត់ ផ្នែកព្យាបាលជំងឺធ្ងន់ ផ្នែកស្តារនិតិសម្បទាវេជ្ជសាស្រ្ត ផ្នែកពិនិត្យសុខភាព ផ្នែកថែទាំសុខភាពតាមផ្ទះ និងមណ្ឌលធ្វើរោគវិនិច្ឆ័យ ចូលរួមជួយលើកកំពស់គុណភាព និងស្តង់ដាអនុវត្ត ឲ្យបានកាន់តែខ្ពស់ថែមមួយកំរិតទៀតក្នុងការផ្តល់សេវាថែទាំសុខភាពរបស់កម្ពុជាយើង។
លោក ម៉ៅ សាវិន តំណាងប្រចាំនៅកម្ពុជានៃដៃគូវិយោគថ្មី អី.អិម.អាយ.អេ (EMIA) បានថ្លែងផងដែរថា ក្រុមវិនិយោគិនរបស់លោក គាំទ្រពេញទំហឹងនូវទស្សនវិស័យរបស់សហស្ថាបនិកក្រុមហ៊ុនខេមាគ្លូប៊ល ក្នុងការស្ថបនានិងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ នូវមជ្ឈមណ្ឌលវេជ្ជសាស្រ្តជារបស់ខែ្មរ ដែលផ្តោតជាចម្បងទៅលើឧត្តមភាពផ្នែកវេជ្ជសាស្រ្ត និងផ្តល់បទពិសោធន៍ដ៏ប្រពៃដល់អ្នកជម្ងឺ។
ទុនវិយោគរបស់ អ៊ី.អិម.អាយ.អេ នឹងជួយជម្រុញឱ្យក្រុមហ៊ុនខេមាគ្លូប៊ល អាចពង្រីកសាខារបស់ខ្លួនទៅតំបន់យុទ្ធសាស្ត្រថ្មីៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រឹងនិងពង្រីកការផ្តល់សេវាកម្មវេជ្ជសាស្រ្តសំខាន់ៗដល់សាធារណជន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោកវេជ្ជបណ្ឌិត អ៊ុ សុភាព នាយកប្រតិបត្តិក្រុមហ៊ុនខេមាគ្លូប៊ល
ទូរស័ព្ទលេខ៖០៩៩ ៥៨៨ ៥៨៨៕