(ភ្នំពេញ)៖ នាយឧត្តមសេន៍យ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំពាវនាវ និងផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស កុំចាញ់បោកការឃោសនា របស់ពួកក្រុមក្បត់ជាតិ ដែលមានបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា។
នាយឧត្តមសេន៍យ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់ព្រះវិហារថ្មី វត្តវិមានតេជះ (ហៅវត្តស្រះចក) ស្ថិតនៅក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «យើងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានានៅក្នុងសង្គមបានទេ ប្រសិនបើប្រទេសស្ថិតនៅក្នុងសង្គ្រាម ប៉ុន្តែយើងមាន ជីវិត និងមានអ្វីៗ ដូចសព្វថ្ងៃនេះ គឺជាភ័ព្វសំណាងដែលយើងបានរស់នៅក្នុងប្រទេសមួយមានសុខសន្តិភាព និងមានឱកាសគ្រប់បែបយ៉ាងដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិយើង»។
យោងរបាយការណ៍របស់អាជ្ញាធរ ព្រះវិហារថ្មីនេះ មានទទឹង ២៥ម៉ែត្រ បណ្តោយ៤៦ម៉ែត្រ និងមានកម្ពស់៣ជាន់ ដោយគ្រោងចំណាយទឹកប្រាក់អស់ ២លានដុល្លារ ក្នុងដំណាក់កាលទី៤ សម្រាប់ជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ តាមកន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ខណ្ឌដូនពេញមានវត្តចំនួន៧ មាន ១៣៥២អង្គ ក្នុងនោះវត្តវិមានតេជះ មានព្រះសង្ឃគង់ចំនួន ៨៩អង្គ។ វត្តនេះបានកសាងឡើង ក្នុងឆ្នាំ១៩២២ មានអាយុកាលជាង ៨៧ឆ្នាំ គិតមកដល់ពេលនេះមានព្រះចៅអធិការវត្តដឹកនាំ ចំនួន ៨អង្គ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា «យើងសប្បាយរីករាយ និងមានមោទនភាពចំពោះការដឹកនាំដើរលើផ្លូវត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានកសាងសមិទ្ធិផលជាច្រើន សំរាប់បំរើផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ៧ភាគរយ មានអ្នកវិនិយោគិនបរទេស និងអ្នកទេសចរណ៍អន្តរជាតិ មកវិនិយោគ និងទស្សនាកម្ពុជាកើនឡើងជាលំដាប់ ប្រជាពលរដ្ឋមានការងារធ្វើច្រើន។ ដោយសារនយោបាយឈ្នះឈ្នះ និងសមិទ្ធផលសន្តិភាព បានអំណោយផល និងមានឱកាសកសាង សមិទ្ធិផលជាច្រើននៅទូទាំងប្រទេស ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីទុកឲ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត»។
ក្នុងឱកាសនោះ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យរួមជាមួយសប្បុរសជនដល់វត្តវិមានតេជះ (ស្រះចក) សម្រាប់សាងសង់ព្រះវិហារថ្មីមានចំនួន ៦ម៉ឺន ៥ពាន់ដុល្លារ និងស៊ីម៉ង់ ៩០តោន។
ប្រគេនបច្ច័យសម្រាប់អង្គកឋិនទានវត្តច័ន្ទបុរិវង្ស ១០លានរៀល, វត្តសំរោងអណ្តែត ១០លានរៀល, វត្តលង្កា ១០លានរៀល និងវត្តចំពុះក្អែក ១៥លានរៀល ហើយបានពាំនាំយកអំណោយដ៍ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសាលាខណ្ឌដូនពេញនូវថវិកា ២លានរៀល, សង្កាត់ស្រះចក នូវវិទ្យុទាក់ទង ១០គ្រឿង និងម៉ាស៊ីនកុំទ្យូទ័រ ១គ្រឿង ព្រមទាំងបានចែកដល់លោកតា លោកយាយ ក្រុមប្រឹក្សាអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕