(កំពង់ចាម)៖ តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ហ៊ុន ណេង បានថ្លែងថា «ការរីកចម្រើនលើគ្រប់វិស័យនៅថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព»។ លោក ហ៊ុន ណេង បានលើកឡើងដូច្នេះ ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់អគារបឋមសិក្សាមួយខ្នងនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តំណាងរាស្ត្ររូបនេះ បានថ្លែងបន្តថា កាលពីសម័យមុន ចំពោះអ្នកសិក្សា ពិបាកក្នុងការរកសាលារៀន ហើយបើមានក៏នៅឆ្ងាយឆ្ងាយពីទីកន្លែងរស់នៅរបស់ខ្លួន។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ដោយសារតែប្រទេសជាតិមានការរីកចម្រើន រាជរដ្ឋាភិបាល បានសាងសង់អគារសិក្សាយ៉ាងច្រើន មានបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅតាមមូលដ្ឋានដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស និងបង្កភាពងាយស្រួលដល់សិស្សានុសិស្ស មិនលំបាកក្នុងការធ្វើដំណើរទៅសិក្សា ឆ្ងាយពីលំនៅដ្ឋានរបស់ខ្លួននោះទេ។
តាមលោកតំណាងរាស្ត្រ នេះជាផ្នែកមួយការរីកចម្រើនលើវិស័យប្រព័ន្ធអប់រំ ប៉ុន្តែនៅវិស័យជាច្រើនទៀត ដែលមានការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខិតខំរក្សាសុខសន្តិភាព និងកំពុងអនុវត្តទៅលើយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ក្នុងគោលដៅឲ្យប្រជាពលរដ្ឋរស់នៅមានការរីកចម្រើន និងភាពសុខសាន្តទាំងអស់គ្នា។
«ដូច្នេះការរីកចម្រើន ភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើងដែលកំពុងមាន យើងត្រូវខិតខំថែរក្សាតម្លៃ នៃសុខសន្តិភាពនេះបន្តទៅទៀតឲ្យបានគង់វង្សយូរអង្វែង»។ នេះជាការបញ្ជាក់បន្ថែមពីលោក ហ៊ុន ណេង៕