(មណ្ឌលគិរី)៖ ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋទីទ័លក្រចំនួន ៣០០គ្រួសារ ត្រូវបានទទួលអំណោយពីមន្ទីរសង្គមកិច្ចអតីតយុវនីសម្បទា ខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០១៩ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អំណោយនេះ ត្រូវបានប្រគល់ជូននាព្រឹកថ្ងៃសៅរ៍១៤កើត ខែអស្សុជឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោក ស្វាយ សំអ៊ាង ជាអធិបតី រួមទាំងមន្រ្តីរាជការទូទាំងខេត្តយ៉ាងច្រើនផងដែរ។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី បានប្រាប់ Fresh News ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា ចាស់ជរា ជនពិការ ប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣០០គ្រួសារ ដែលត្រូវផ្តល់អំណោយជូននាព្រឹកនេះ មកពីស្រុកដូចជា៖ ស្រុកអូររាំង ស្រុកពេជ្រដា ក្រុងសែនមនោរម្យ ចំនួន១៥០គ្រួសារ និងមកពីសង្កាត់ចំនួន៤ ក្នុងក្រុងសែនមនោរម្យ មានចំនួន១៥០គ្រួសារ។
លោកបន្តថា អំណោយដែលពួកគាត់ទទួលបានថ្ងៃនេះ រួមមាន៖ អង្ករ ត្រីខ មី ទឹកត្រីនិងថវិកាមួយចំនួនផងដែរ ហើយចំពោះថវិកា និងគ្រឿងឧបភោគបរិភោគនាថ្ងៃនេះ គឺមន្ទីរសង្គមកិច្ចខេត្ត និងលោក ស្វាយ សំអ៊ាង ចូលរួមឧបត្ថម្ភ៕