(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូអន្តរក្រសួងចំនួន៨រូប ទៅចូលរួមកិច្ចសន្ទនាសិទ្ធិមនុស្ស ជាមួយរដ្ឋាភិបាលស៊ុយអែត នៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែត រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
បើតាមលោក ជិន ម៉ាលីន, នៅក្នុងកិច្ចពិភាក្សារយៈពេល៣ថ្ងៃ គឺផ្តោតលើគ្រប់ទិដ្ឋភាពសិទ្ធិមនុស្ស និងនយោបាយប្រទេសទាំងពីរ ចំនួន៦ចំណុចរួមមាន៖
*១៖ សិទ្ធិទទួលបានយុត្តិធម៌ និងប្រព័ន្ធតុលាការ
*២៖ សិទ្ធិទទួលបានព័ត៌មាន សេរីភាពបញ្ចេញមតិ
*៣៖ សិទ្ធិការងារ ធុរកិច្ច និងសិទ្ធិមនុស្ស
*៤៖ យន្តការទទួលនិងដោះស្រាយបណ្តឹងពលរដ្ឋ
*៥ សិទ្ធិស្រ្តី និងអ្នកស្រឡាញ់ភេទដូចគ្នា
*៦៖ យន្តការរបាយការណ៍ UPR របស់ UN។
សមាសភាពគណៈប្រតិភូអន្តរក្រសួងទាំង៨រូបមកពី៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ក្រសួងយុត្តិធម៌, ក្រសួងព័ត៌មាន, ក្រសួងការងារ និងក្រសួងកិច្ចការនារីផងដែរ៕