(កណ្ដាល)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ គេង្កេតឃើញក្រុមកងកម្លាំងរក្សាសន្តិសុខ ការពារសុវត្ថិភាពជុំវិញពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ហាក់បង្ហាញរឹតដ៏រឹងមាំមួយ ដែលជាបង្អែក និងទំនុកចិត្តពីសំណាក់ពលរដ្ឋស្ងប់ចិត្ត ក្នុងការមកចូលរួមលែងកម្សាន្ត ខណៈកម្លាំងដ៏រឹងមាំនេះ មើលទៅហាក់ដូចជាភ្នំថៃសានដូច្នោះដែរ។
កងកម្លាំងដែលដាក់ពង្រាយនៅជុំវិញពិធីបុណ្យនេះ មានជាច្រើនផ្នែក ដូចជា កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងនគរបាលខេត្តកណ្ដាលជាង ៣០០នាក់ កម្លាំងប្រជាការពារខេត្តរាប់រយនាក់ និងកម្លាំងការពារមូលដ្ឋានសរុបខ្ទង់ពាន់នាក់ឯណោះ។ ការដាក់កម្លាំងពង្រាយនេះ ត្រូវបានពលរដ្ឋសម្តែងអារម្មណ៍ស្ងប់ចិត្ត និងមានទំនុកចិត្តយ៉ាងពិតប្រាកដ ចំពោះសុខសុវត្ថិភាពនៃការដើរលែងកម្សាន្ត ចូលរួមអបអរសាទរពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ។
គួរជម្រាបថា ពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកណ្ដាលមានក្ដីរំពឹងទុកថា នឹងមានប្រជាពលរដ្ឋអញ្ជើញមកទស្សនា កម្សាន្តសប្បាយរីករាយប្រមាណ ៥០ម៉ឺននាក់។
ពិធីប្រណាំងទូកប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១២-១៣ ខែតុលា ដែលប្រារព្វនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយការប្រណាំងទូកនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីប្រជាពលរដ្ឋ និងការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងពីធីប្រណាំងទូកនេះ ក៏មានការអញ្ជើញចូលរួមពី ទូកមកពីខេត្តកំពង់ចាម និងទូកមកពីរាជធានីភ្នំពេញ ក្នុងការប្រណាំងនេះផងដែរ។ ក្នុងឆ្នាំនេះមានទូកចំនួន ៦៣ទូក ក្នុងនោះមានទូកផ្កាចាចំនួន ១៨ទូក ទូកនារី ២ទូក ទូកអន្តរជាតិ១៩ទូក និងទូកងចំនួន ២៦ទូក ។
ស្របពេលដែលថ្ងៃកំណត់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកនេះ ដោយសារមូលហេតុធំៗមួយចំនួន ដូចជាទឹកជំនន់ ការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ និងភាពវឹកវរក្រោយការបោះឆ្នោតជាដើម។ ទោះជាយ៉ាងនេះក្តី ព្រះរាជពិធីបុណ្យ ដែលជាបុណ្យប្រពៃណីជាតិ ក៏ត្រូវបានរៀបចំឡើងវិញជាធម្មតាឡើងវិញ ជាបន្តបន្ទាប់ផងដែរ៕