(ភ្នំពេញ)៖ ម៉ូតូស៊េរីថ្មី Suzuki Viva 125cc ស៊េរីថ្មី ឆ្នាំ២០២០ បានបញ្ចេញលក់នៅលើទីផ្សារជាផ្លូវការហើយ ចាប់ពីល្ងាចថ្ងៃ១១ ខែតុលា ឆ្នាំ២០១៩នេះតទៅ តាមរយៈពិធីដែលបានរៀបចំឡើងដោយក្រុមហ៊ុន អូ អឹម ស៊ី សហការជាមួយរោងចក្រសូហ្សូគី ប្រចាំប្រទេសកម្ពុជា។
តាមការគូសបញ្ជាក់ពីលោក Nubuo Kidokoro នាយករោងចក្រ Cambodia Suzuki Motor ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា Viva 125cc ម៉ូដែលថ្មីនេះ មានការរចនាយ៉ាងស្រស់ស្អាត ជាមួយកម្លាំងម៉ាស៊ីនខ្លាំងរហូតដល់ 125cc ធ្វើឱ្យការបង្កើនល្បឿនបានល្អ និងប្រកបដោយថាមពល កាន់តែពិសេសផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការបើកបរផ្លូវភ្នំ និងឡើងចំណោត។ Viva 125cc មានឃ្លុបក្រោមកែបធំទូលាយ និងចំណុះធុងសាំងរហូតដល់ 4.5លីត្រ ខណៈដែលម៉ូតូផ្សេងពុំមានចំណុចទាំងពីរនេះទេ។
កាន់តែងាយស្រួល Viva 125cc បំពាក់នូវហ្វ្រាំងមុខប្រភេទបូម ដែលពិតជាផ្តល់នូវសុវត្ថិភាព ដល់អ្នកបើកបរពិសេសនៅរដូវភ្លៀង។ ជាមួយនឹងមុខងាររក្សាលំនឹង ឬហៅថា Balancer ធ្វើឱ្យរំញ័រម៉ាស៊ីនមានកំរិតទាប ដែលកាន់តែផ្តល់ផាសុភាព និងសុវត្ថិភាពដល់អតិថិជន នៅពេលបើកបរ។
សូមបញ្ជាក់ផងដែរថា Viva 125cc គឺជាម៉ូតូដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ពិសេសបងប្អូនតាមបណ្តាខេត្តនានា ដែលនិយមប្រើប្រាស់ម៉ូដែលចង្កឹះលេខ។ ជាក់ស្តែងជាមួយកម្លាំងខ្លាំង រហូតដល់ 125cc ធ្វើឱ្យម៉ូដែលនេះ ទទួលបានការពេញនិយម និងទំនុកចិត្ត ចំពោះអ្នកប្រើប្រាស់ពិសេសការបើកបរនៅលើផ្លូវទួល ផ្លូវភ្នំ និងផ្លូវចំណោត។ល។និង។ល។
លោក Nubuo Kidokoro តំណាងឱ្យភាគីជប៉ុន បានសង្កត់ធ្ងន់ថា Viva 125cc បំពាក់នូវឧបករណ៍សុវត្ថិភាពជាច្រើន បើធៀបទៅនឹងម៉ូតូផ្សេង ដូច្នេះ លោកសូមឱ្យអ្នកលក់បន្តពន្យល់ប្រាប់ពីចំណុចពិសេសទាំងអស់នេះ ជូនដល់អតិថិជនបានជ្រាប៕