(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងចាប់ផ្ដើមបើកជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅខេត្តដាណាំង ប្រទេសវៀតណាម នៅចុងខែតុលា ឆ្នាំ២០១៩នេះ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានរៀបចំព្រឹត្តិការណ៍ ដើម្បីផ្សព្វផ្សាយពីសេវាកម្មថ្មីនេះ និងផ្តល់ព័ត៌មានថ្មីៗ ពីភាពទាក់ទាញរបស់ខេត្តដាណាំង ដែលជាគោលដៅទេសចរណ៍មួយ ក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងទៀត ដែលមានទេសភាពស្រស់ស្អាត របស់ប្រទេសវៀតណាម។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាពលោក លីម កៅ អគ្គនាយករង នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងមានការចូលរួមពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា តំណាងក្រសួងទេសចរណ៍កម្ពុជា តំណាងមន្ទីរ ទេសចរណ៍ខេត្តដាណាំង ប្រទេសវៀតណាម និងភ្នាក់ងារទេសចរណ៍ជាង៥០ នៅក្នុងប្រទេសកម្ពុជា។

ក្នុងកម្មវិធីនេះផងដែរ ក៏មានបទបង្ហាញចំនួនបីសំខាន់ៗ រួមមាន៖

*ទី១៖ សេវាកម្មជើងហោះហើរថ្មី រវាងរាជធានីភ្នំពេញ និងខេត្តដាណាំង ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ
*ទី២៖ ស្ថានភាពទេសចរណ៍ នៅប្រទេសកម្ពុជា ដោយក្រសួងទេសចរណ៍កម្ពុជា
*ទី៣៖ ភាពទាក់ទាញរបស់ដាណាំង ដោយមជ្ឈមណ្ឌលទេសចរណ៍ដាណាំង។

ថ្លែងក្នុងឱកាសនោះលោក លីម កៅ បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិ យើងបានវិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបានឈរជើងយូរជាងគេ (ជាង១០ឆ្នាំមកហើយ) និងឈានមុខទាំងផ្នែកសេវាកម្ម និងសុវត្ថិភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដ៏ទៃទៀត»

លោកបានគូសបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ក្រុមហ៊ុន នឹងសម្រេចគោលបំណងធំៗ ក្នុងផែនការពង្រីកជើងហោះហើរ ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងខេត្តដាណាំងនេះ និងការមកដល់នូវយន្តហោះថ្មី បន្ថែមទៀតប្រភេទ Airbus-321 ដែលមានចំណុះ ២០៣កៅអី។

ជាមួយគ្នានោះ អគ្គនាយករង នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានលើកឡើងថា ការបើកជើងហោះហើរថ្មីនេះ បានឆ្លើយតបទៅនឹងតម្រូវការដ៏លើសលុប ពីសំណាក់ភ្ញៀវទេសចរជាតិកម្ពុជា និងជាជម្រើសដ៏ល្អ សម្រាប់ការធ្វើដំណើរ ដោយចំណាយពេលត្រឹមតែមួយម៉ោងកន្លះប៉ុណ្ណោះ រវាងរាជធានីភ្នំពេញ និងខេត្តដាណាំង។

លោក លីម កៅ បន្ថែមទៀតថា មិនត្រឹមតែសម្រាប់ភ្ញៀវទេសចរជាតិប៉ុណ្ណោះទេ សេវាកម្មថ្មីនេះ នឹងទាក់ទាញភ្ញៀវអន្តរជាតិ ក្នុងប្រទេសវៀតណាម ឲ្យមកទស្សនារាជធានីភ្នំពេញ និងផ្សារភ្ជាប់ជាមួយខេត្តសៀមរាប ឲ្យក្លាយជាទិសដៅត្រីកោណទេសចរណ៍ ស្របទៅនឹងគោលនយោបាយ របស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការបង្កើនចំនួនភ្ញៀវទេសចរពីប្រទេសវៀតណាម។

លោកបន្ដថា ចំពោះកាលវិភាគ ហោះហើររដូវកាលថ្មីឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ នឹងបង្កើនជើងហោះហើរក្នុងស្រុកដូចជា៖
* បង្កើនជើងហោះហើរពី ០៣ ទៅ ០៥ ជើងក្នុងមួយថ្ងៃរវាងរាជធានីភ្នំពេញ និង ខេត្តសៀមរាប
* បង្កើនជើងហោះហើរពី ០៣ ទៅ០៥ ជើងក្នុងមួយសប្តាហ៍រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយប្តូរប្រភេទយន្តហោះពី ATR-72 ចំណុះ ៦៨កៅអី ទៅ Airbus ចំណុះ១៨០កៅអី សម្រាប់ជើងហោះហើររ វាងខេត្តសៀមរាប និង ខេត្តព្រះសីហនុ។

លោកបន្ដទៀតថា ក្រៅពីនេះទៀត ជើងហោះហើរអន្តរជាតិមួយចំនួន ដូចជាជើងហោះហើរ ពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងហូជីមិញ នឹងបង្កើនចំនួនជើងហោះហើរពី ០៧ ទៅ១១ជើង រីឯជើងហោះហើរ ពីខេត្តសៀមរាប ទៅកាន់ខេត្តដាណាំង នឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ ដោយត្រូវប្តូរប្រភេទយន្តហោះ ATR-72 ចំណុះ៦៨កៅអី មកប្រើយន្តហោះ Airbus-320 ចំណុះ១៨០ កៅអីវិញ។

ជើងហោះហើររវាង រាជធានីភ្នំពេញ និងទីក្រុងដាណាំង ចំនួន០៥ ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះតទៅ នឹងមានហោះហើររាល់ថ្ងៃ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក លីម កៅ អគ្គនាយករងនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ៕