(សៀមរាប)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការ ដែលមានលោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានផ្តល់គ្រាប់ពូជស្រូវបន្ថែមទៀត ចំនួន៦០តោន ក្នុងនោះស្រុកជីក្រែង ទទួលបានចំនួន៤០តោន និងស្រុកសូទ្រនិគម ទទួលបានចំនួន២០តោន ដើម្បីផ្តល់ជូនប្រជាកសិករ។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅបិវេណវត្តជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានការចូលរួមពីលោក សៀង ណំា តំណាងរាស្ត្រ មណ្ឌលសៀមរាប, លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមទាំងបណ្តាមន្ទីរ-អង្គភាពជំនាញជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជម្រាបប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ជានិច្ច ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកទន្លេរមេគង្គ ជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតនាពេលកន្លងមក ហើយបានក្រើនរំលឹកដាស់តឿនដល់ គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាកសិករ ដើម្បីដាំដុះបន្ត។
លោកទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ថែមថា ទោះបីជាការផ្តល់ជូនគ្រាប់ពូជស្រូវនេះ ពុំបានគ្រប់គ្រាន់ តាមតម្រូវការរបស់បងប្អូនប្រជាកសិករក៏ពិតមែន តែនេះជាការចូលរួមចំណែកដល់បងប្អូនប្រជាកសិករ បានមួយកម្រិតដែរ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋ នឹងយកពូជស្រូវដែលចែកជូននាពេលបន្តិចទៀតនេះ ដើម្បីធ្វើការស្តារឡើងវិញ នាពេលទឹកស្រកទៅវិញ និងបានពូជគ្រាប់ស្រូវសម្រាប់បង្កបង្កើនផល នៅឆ្នាំក្រោយទៀត។
សូមបញ្ជាក់ផងដែរថា ពូជស្រូវដែលបានចែកជូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតនាពេលនេះ ចំនួន៦០តោន សម្រាប់បងប្អូនប្រជាពលរដ្ឋ ចំនួន៨៩៨គ្រួសារ មកពីស្រុកចំនួន២ ក្នុងខេត្តសៀមរាប។
ប្រជាពលរដ្ឋដែលទទួលបានពូជស្រូវ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំបន្តដឹកនាំ ប្រទេសកម្ពុជាជារៀងរហូត៕