(ភ្នំពេញ)៖ អ្នកនាំពាក្យយោធភូមិភាគទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសបដិសេធ និងច្រានចោលរាល់ខ្លឹមសារ ដែលបង្ហោះនៅលើ Facebook មួយឈ្មោះ Vorn Vuth ដែលបានយករូបឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បង្ហោះបំភ្លៃញុះញង់ថា បានចុះចូលជាមួយក្រុមឧទ្ទាម។

អ្នកនាំពាក្យយោធភូមិភាគទី៥ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ក្នុងនាមអ្នកនាំពាក្យយោធភូមិភាគទី៥ សូមថ្កោលទោសដល់ម្ចាស់ Facebook ឈ្មោះ Vorn Vuth នេះ ដែលបានយករូប ឧត្តមសេនីយ៍ទោ សេង ធារិន មកសរសេរបំផុសបំផុលបំភ្លៃការពិត ដើម្បីបង្ខូចស្មារតីកងទ័ព និងញង់។

លោកបានបញ្ជាក់ថា ឧត្តមសេនីយ៍ សេង ធារិន ដែលកំពុងក្តាប់កម្លាំងទាហានរាប់ពាន់នាក់ មិនបានចូលរួមជាមួយក្រុមឧទ្ទាមនោះទេ ផ្ទុយទៅវិញលោកមានតែជំហរតែមួយគត់ ទោះពលីជីវិត គឺប្តូរផ្តាច់ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយត្រៀមខ្លួនជានិច្ច ក្នុងការកម្ទេចក្រុមឧទ្ទាមទាំងឡាយ ដែលចង់មកបង្កភាពវឹកវរ បំផ្លាញជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ មាន Facebook មួយឈ្មោះ Vorn Vuth ដែលទំនងជាបក្ខពួករបស់ក្រុមឧទ្ទាម សម សារី ដែលបង្កើតរដ្ឋាភិបាលនីរទេស បានសរសេរបំភ្លៃថា «រដ្ឋាភិបាលយើង ស្វាគមន៍ចំពោះការផ្តាច់ខ្លួនរបស់ មេបញ្ជាការភូមិភាគ៥ ឧត្តមសេនីយទោ សេង ធារិន ដែលបានផ្តាច់ខ្លួនចូលមករដ្ឋាភិបាលជាតិខ្មែរនិទេស»

ការញុះញង់នេះ បានធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៉ី ប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដោយអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយរូបគេផងដែរ៕