(ភ្នំពេញ)៖ ជំងឺលើសសម្ពាធឈាមមិនមានរោគសញ្ញាជាក់លាក់ណាមួយនោះឡើយ ដូចនេះការធ្វើរោគវិនិច្ឆ័យភាគច្រើន ប្រទះឃើញនៅពេលដែលអ្នកជំងឺមកធ្វើការពិនិត្យសុខភាពទូទៅ។ ការវាស់សម្ពាធឈាមលើកដំបូង មិនអាចកំណត់នូវរោគវិនិច្ឆ័យបានទេ ព្រោះពេលខ្លះអ្នកជំងឺអាចឡើងសម្ពាធឈាម។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត យិន សិទ្ធិកា គ្រូពេទ្យទទួលបន្ទុកផ្នែករោគស្រ្តី នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី ក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ភាគច្រើន នៃបុរសដែលមានវ័យចាប់ពី ៥០ទៅ ៦០ឆ្នាំ តែងជួបប្រទះនូវជំងឺលើសឈាម ប៉ុន្តែជំងឺនេះក៏អាចកើតមានទៅលើកុមារតូចៗ ដែរ។ មូលហេតុ និងកត្តាប្រឈម «រហូតមកដល់បច្ចុប្បន្ន មិនទាន់អាចកំណត់បាននូវមូលហេតុច្បាស់លាស់ ដែលបណ្ដាលឲ្យមានជំងឺនេះឡើយ។ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួន អាចជាហានិភ័យខ្ពស់ ក្នុងការបង្កឲ្យមានជាជំងឺលើសឈាម ដូចជា ការជក់បារី ការលើសទម្ងន់ មិនសូវធ្វើលំហាត់ប្រាណ ការទទួលទានអាហារប្រៃ និងគ្រឿងស្រវឹងញឹកញាប់ច្រើន ស្ត្រេស មនុស្សចាស់ ឬមានតំណពូជ។ ក្រៅពីនេះ វាអាចកើតឡើងជាជំងឺបន្ទាប់បន្សំ ពីជំងឺផ្សេងទៀតរួមមាន ជំងឺទឹកនោមផ្អែម ខ្សោយបេះដូង លើសជាតិខ្លាញ់ ឬខ្សោយតម្រងនោម ជាដើម»

លោកស្រីវេជ្ជបណ្ឌិត យិន សិទ្ធិកា បានផងដែរថា ជាទូទៅ អ្នកជំងឺលើសសម្ពាធឈាមមួយភាគធំ ក្នុងដំណាក់កាលដំបូង ពុំមានស្ដែងចេញនូវរោគសញ្ញាជាក់លាក់ណាមួយឡើយ ដែលគេអាចហៅជំងឺនេះថាជា «ឃាតកលាក់មុខ»។ ប៉ុន្តែក្នុងនោះក៏មានអ្នកជំងឺមួយចំនួនអាចមានអាការៈផ្សេងៗដូចជា ឈឺក្បាល ថប់ទ្រូង រួយកញ្ជឹងក ហ៊ឹងត្រចៀក បែកញើស និងឈាម ច្រមុះជាញឹកញាប់ ដែលអាចឲ្យអ្នកជំងឺចាប់អារម្មណ៍ថា ខ្លួនមានជំងឺលើសសម្ពាធឈាម។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា «ស្រ្តីមានផ្ទៃពោះដែលធ្លាប់មានប្រវត្តិលើសឈាម គាត់ត្រូវតែទៅជួបនឹងគ្រូពេទ្យឱ្យបានញឹកញាប់ យ៉ាងហោចណាស់ ២សប្តាហ៍ម្តង ដើម្បីរក្សាលំនឹងសម្ពាធឈាមរបស់គាត់ឱ្យនៅត្រឹម១៣០ លើ៨០ ព្រោះការធ្វើបែបនេះ ក្នុងបំណងធ្វើយ៉ាងណាឱ្យការចិញ្ចឹមរបស់ម្តាយ ទៅទារក អាចដំណើរការទៅបានល្អ»

អ្នកស្រីវេជ្ជបណ្ឌិត លើកឡើងទៀតថា ដោយសារជំងឺលើសសម្ពាធឈាម មិនមាននូវរោគសញ្ញាជាក់លាក់ណាមួយនោះឡើយ ដូចនេះការធ្វើរោគវិនិច្ឆ័យភាគច្រើនប្រទះឃើញ នៅពេលដែលអ្នកជំងឺមកធ្វើការពិនិត្យសុខភាពទូទៅ។ ការកំណត់រោគវិនិច្ឆ័យសមស្របធ្វើឡើងដោយការវាស់សម្ពាធឈាមរបស់អ្នកជំងឺ ឲ្យបានយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ ឬឲ្យអ្នកជំងឺតាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួនឯង ដោយប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម។

ជាមួយគ្នានេះ បើតាមលោក មាន វាសនា វេជ្ជបណ្ឌិតឯកទេសទូទៅ នៃវេជ្ជបណ្ឌិតឯកទេសទូទៅ និងរោគកុមារនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី បានឱ្យដឹងថា មកដល់សព្វថ្ងៃនេះ ជំងឺលើសឈាមមិនទាន់អាចព្យាបាលឲ្យជាសះស្បើយបាននៅឡើយទេ។ ប៉ុន្តែការព្យាបាលដោយថ្នាំ អាចធ្វើឲ្យសំពាធឈាមធ្លាក់មកស្ថិតនៅក្នុងកំរិតធម្មតាវិញ ចៀសផុតពីផលវិបាក និងហានិភ័យផ្សេងៗដែលបណ្តាលមកពីជំងឺលើសឈាម។

សូមបញ្ជា់ថា ផលវិបាកទៅអនាគតក៏ព្រោះតែជំងឺនេះអាចសម្លាប់មនុស្សដោយពុំដឹងខ្លួន ដូចនេះ ប្រសិនបើមិនមានការព្យាបាល ត្រឹមត្រូវ វាអាចស្ដែងចេញជាផលវិបាកធំៗមួយចំនួនដូចជា ជំងឺគាំងបេះដូង ខ្សោយបេះដូង ដាច់សរសៃ ឬស្ទះសរសៃឈាមខួរក្បាល ហើយបើមានការលើសសម្ពាធឈាមរយៈពេលយូរ វានឹងបង្កឲ្យមានជំងឺស្ទះសរសៃឈាម ខ្សោយតម្រងនោម និងប៉ះពាល់ដល់ភ្នែកជាដើម៕