(ព្រៃវែង)៖ ស្ត្រីម្នាក់ដែលជាដើមចោទក្នុងបណ្តឹងករណីឃាតកម្ម ដែលគេបានសម្លាប់ប្តីរបស់ខ្លួន កាលពីឆ្នាំ២០១៧ ត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចឲ្យឈ្នះក្តី ប៉ុន្តែខណៈដែលមិនទាន់ទទួល បានសំណងផង ក៏ត្រូវបានគេគំរាមកំហែងជាច្រើនលើកច្រើនសារ ធ្វើឲ្យរស់នៅដោយការភ័យខ្លាច។

ដើមបណ្តឹងឈ្មោះ អ៊ុំ សុគុណ ភេទស្រី អាយុ៤៩ឆ្នាំ ជាប្រពន្ធជនរងគ្រោះ ឈ្មោះ ឆន ឈាន (ត្រូវគេសម្លាប់) បានឈ្នះរឿងក្តីឃាតកម្ម ប្រព្រឹត្តនៅចំណុច ភូមិឫស្សីជុកទី១ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។

ជនជាប់ចោទឈ្មោះ ផាត់ រី និង ស្រេង ស្រេត ត្រូវបានតុលាការរកឃើញភស្តុតាងថា បានសម្លាប់ប្តីរបស់គាត់។ សាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បានប្រកាសសាលក្រម ឱ្យជនជាប់ចោទទាំងពីរជាប់ពន្ធនាគារ ១០ឆ្នាំ និងបង់ប្រាក់ ៥០លានរៀលដល់ដើមបណ្តឹង។

ធ្វើដំណើរមកកាន់អង្គភាពព័ត៌មាន Fresh News លោកស្រីបានរៀរាប់ថា ខ្លួនកំពុងតែត្រូវបានគំរាមកំហែង ជាច្រើនលើកច្រើនសារ ប៉ុន្តែលោកស្រីមិនបានបង្ហើបថា នរណានោះទេ ដោយសារទុករឿងនេះឲ្យសមត្ថកិច្ច ជាអ្នកតាមដានទៅចុះ។ ជាមួយគ្នានេះ មានការផ្តល់ដំណឹងថា រឿងក្តីឃាតកម្មមួយនេះ ត្រូវបានខាងភាគីសាច់ញាតិជនជាប់ចោទបន្តប្តឹងទៅសាលាឧទ្ធរណ៍។

បន្ទាប់ពីសាលាដំបូងខេត្តព្រៃវែង សម្រេចឲ្យខ្លួនឈ្នះក្តី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ហើយនោះ ស្រាប់តែថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរឈ្មោះ អ៊ន ប៊ុនលី បានចេញដីកាកោះ ទៅដើមបណ្តឹង អ៊ុំ សុគុណ ឲ្យទៅបំភ្លឺរឿងដដែល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ លោកស្រី អ៊ុំ សុគុណ បាននិយាយថា រឿងក្តីចប់នៅសាលាដំបូងហើយ ហេតុអ្វីក៏ចៅក្រមស៉ើបសួរសាលាដំបូង ចេញដីកាកោះហៅបន្តទៀតធ្វើអ្វី ហើយខ្លួនក៏មិនដឹងថា វាជារឿងក្តីដដែល ឬរឿងក្តីថ្មីនោះទេ។

ពាក់ព័ន្ធរឿងនេះដែរ ចៅក្រមស៊ើបសួរ អ៊ន ប៊ុនលី បានប្រាប់ Fresh News យ៉ាងខ្លីថា គាត់មិនអាចប្រាប់រឿងនេះបានទេ ព្រោះមានដីកាបញ្ជូនរឿងឱ្យស៊ើបសួរ ដូច្នេះលោកត្រូវតែបើកការស៊ើបសួរ។ ទន្ទឹមនឹងនេះ លោកសុំឲ្យទៅសួរ អ្នកនាំពាក្យអយ្យការ និងអ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែងវិញ។

គិតមកដល់ពេលនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទាក់ទងខាងអ្នកនាំពាក្យអយ្យការ និងអ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង បាននៅឡើយ។

លោក សាន សំអាង អ្នកប្រគល់ដីកាកោះ របស់ចៅក្រមស៉ើបសួរសាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងថា លោកបានប្រគល់ដីកាកោះនោះ ទៅឲ្យគ្រួសារដើមបណ្តឹងមែន។ លោករៀបរាប់ថា ខាងគ្រួសារដើមបណ្តឹង គឺជាគ្រួសារស្លូតបូត និងគួរឲ្យអាណិតខ្លាំងណាស់។ ចំពោះដីកានេះវិញ លោកគ្រាន់តែជាអ្នកប្រគល់ មិនដឹងរឿងយ៉ាងណានោះទេ។

លោក សាន សំអាង ក៏បានបន្ថែមថា រឿងក្តីឃាតកម្មខាងលើ ពិតជាមានការបង្ហើបថា ត្រូវបន្តទៅសាលាឧទ្ធរណ៍មែន។ ចំពោះករណីការចេញដីកាកោះហៅ របស់ចៅក្រមស៉ើបសួរ អ៊ន ប៊ុនលី ថ្មីមួយនេះ ដែលចេញក្រោយសាលក្រមសាលាដំបូងខេត្តព្រៃវែងនោះ លោកក៏មិនសូវយល់ដែរ។

បន្ទាប់ពីសំណូមពររកការជួយបន្ថែមនោះ លោកស្រី អ៊ុំ សុគុណ ក៏បានសំណូមពរថ្នាក់ដឹកនាំពាក់ព័ន្ធ ជួយគាត់ផង ប្រសិនបើត្រូវបន្តក្តីនៅសាលាឧទ្ធរណ៍បែបនេះមែននោះ៕