(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ឡេ មិញខាយ (H.E Mr Le Minh Khai) អគ្គអធិការ (រដ្ឋមន្ត្រី) នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រតិភូអមដំណើរឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រួមមាន លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ, លោក សុត គីមសាន អនុរដ្ឋលេខាធិការ, លោក ប៉ែន ច័ន្ទសុខរិន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ, លោក ឈួរ រស្មីឬទ្ធិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានអធិការកិច្ច ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញក្រសួងមួយចំនួនទៀត។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដំណើរទស្សនកិច្ចនេះ មានគោលបំណងអនុវត្ត អនុស្សារណៈយោគយល់ ដែលស្ថាប័នគ្រប់គ្រងវិស័យអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះហត្ថលេខាតាំងពីឆ្នាំ២០០៥កន្លងមក និងដើម្បីពង្រឹង
ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងផ្លាស់ប្តូរបទពិសោធន៍លើការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ។
ក្នុងអំឡុងពេលទស្សនកិច្ច ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន នឹងចូលជួបសំដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ឡេ មិញខាយ អគ្គអធិការ (រដ្ឋមន្ត្រី) នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម។ គណៈប្រតិភូក្រសួង នឹងធ្វើទស្សនកិច្ច នៅទីក្រុងហាណូយ ទីក្រុងដាណាំង (Da Nang) និងក្រុងហូជីមិញ (Ho Chi Minh)៕