Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល នឹងចាប់ផ្ដើមនៅវេលាថ្ងៃត្រង់នេះ ខណៈពលរដ្ឋចូលរួមអបអរសាទរយ៉ាងកុះករ

12-10-2019 10:27

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នឹងចាប់ផ្ដើមពិធីបុណ្យអ៊ុទូកនៅវេលាថ្ងៃត្រង់នេះ ទី១២ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត។

បើតាមការឲ្យដឹងពីលោក គង់ សោភណ្ឌ អភិបាលរងខេត្តកណ្ដាល រដ្ឋបាលខេត្តមានក្ដីរំពឹងទុកថា ក្នុងរយៈពេល ២ថ្ងៃ នៃពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងមានប្រជាពលរដ្ឋអញ្ជើញមកទស្សនាកំសាន្តសប្បាយរីករាយប្រមាណ ៥០ម៉ឺននាក់ ក្នុងពិធីប្រណាំងទូកនៅឆ្នាំនេះ។

លោកបន្តទៀតថា ពិធីប្រណាំងទូក និងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែតុលា នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយការប្រណាំងទូកនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីប្រជាពលរដ្ឋ និងការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងពីធីប្រណាំងទូកនេះ ក៏មានការអញ្ជើញចូលរួមពី ទូកមកពីខេត្តកំពង់ចាម និងទូកមកពីរាជធានីភ្នំពេញ ក្នុងការប្រណាំងនេះផងដែរ។ ក្នុងឆ្នាំនេះមានទូកចំនួន ៦៣ទូក ក្នុងនោះ មានទូកផ្កាចាចំនួន ១៨ទូក ទូកនារី ២ទូក ទូកអន្តរជាតិ១៩ទូក និងទូកងចំនួន ២៦ទូក។

ក្រៅពីធីប្រណាំងទូក រដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិពណ៌ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែងដោយតារាល្បីៗជាច្រើន ដែលដឹកនាំដោយសមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។

លោកអភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកំសាន្តសប្បាយ នៅក្នុងពិធីប្រណាំងទូក នៅថ្ងៃទី១២-១៣ ខែតុលា ខាងមុខនេះ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយបោះសម្រាមចូលក្នុងធុងឱ្យបានត្រឹមត្រូវ បើកបរដោយប្រុងប្រយ័ត្ន មិនត្រូវលើសល្បឿនកំណត់ ម៉ូតូត្រូវពាក់មួកសុវត្តិភាព រថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម ១ម៉ែត្រក៏ដោយ៕