(បាត់ដំបង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងដើម្បីអនុវត្តន៍តាមបទបញ្ជារបស់ អគ្គនាយដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាល ធានាបានសុវត្ថិភាពចំណីអាហារ លើគ្រឿងបរិភោគឧបភោគ ក្នុងពិធីតាំងពិព័រណ៌បុណ្យអុំទូកថ្នាក់ខេត្ត, សាខាកាំកុងត្រូល ខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី គណៈកម្មការពិព័រណ៌ និងមន្តី្រជំនាញ បានយកទំនិញមួយចំនួនធ្វើការពិសោធន៍ ដែលមានដាក់តាំងលក់នៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញបានចុះធ្វើការពិសោធន៍ នៅតាមស្តង់នីមួយៗ ព្រមទាំងបានធ្វើតេស្តបឋម ទៅលើសរសៃគុយទាវ (តូច-ធំ) សរសៃមី ប្រហិតសាច់គោ សាច់ក្រក និងគ្រឿងសមុទ្រ ជាលទ្ធផលពុំមានទំនិញខូចគុណភា និងដាក់សារធាតុគីមីយើងសង្កេតឃើញថា ពុំមានរកឃើញលទ្ធផលអ្វីនោះទេ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ដោយមានការណែនាំ និងរឹតបន្តឹងពីអគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់តែង បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋគ្រប់គ្នាជាអ្នកប្រើប្រាស់ផ្ទាល់។
ប្រធានបានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃ័រ នៅនឹងកន្លែងលក់ក្នុងផ្សារ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ»។
លោកបានបន្ថែមថា មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ លើម្ហូបអាហារ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕