(ភ្នំពេញ)៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ី បានបង្កើតយុទ្ធសាស្ត្រផ្សេងៗ ព្រមទាំងជំរុញព្រឹត្តិការណ៍ ឆ្នាំទស្សនា ម៉ាឡេស៊ី ២០២០ ត្រូវបានអនុវត្តដោយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ដើម្បីជំរុញការធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងដើម្បីជំរុញកំណើន និងចំណូលពីភ្ញៀវទេសចរ។
ការលើកឡើងបែបនេះ របស់ឯកអគ្គរដ្ឋទូទម៉ាឡេស៊ី បានធ្វើឡើងនៅក្នុងឱកាសដែលោកបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឯកអគ្គរដ្ឋទូទម៉ាឡេស៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលម៉ាឡេស៊ី បានបង្កើតយុទ្ធសាស្ត្រផ្សេងៗ និងការខិតខំប្រឹងប្រែង ដើម្បីជំរុញការធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងដើម្បីជំរុញ កំណើនចំណូលពីទេសចរណ៍ ដោយបង្កើតព្រមទាំងជំរុញព្រឹត្តិការណ៍ ឆ្នាំទស្សនា ម៉ាឡេស៊ី ២០២០ ត្រូវបានអនុវត្តដោយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌»។
លោកបានឱ្យដឹងថា វិស័យទេសចរណ៍បានបង្ហាញពីលទ្ធផលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ។ ចន្លោះពីខែមករាដល់ខែមិថុនា ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរណ៍សរុបបានកើនឡើង ៤.៩ភាគរយ ជាមួយនឹងចំនួនភ្ញៀវទេសចរ ១៣.៣៥លាននាក់ បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ១២.៧៣លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រាក់ចំណូលពីវិស័យទេសចរណ៍បានឈានដល់ ៤១.៦ពាន់លានរីងហ្គីត ពោលគឺកើនឡើង ៦.៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់តំបន់អាស៊ាន ក្នុងរយៈពេលដូចគ្នាមានកំណើន ៤.៧ភាគរយ ជាមួយចំនួនភ្ញៀវទេសចរណ៍ ៩.៣៥លាននាក់ បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ៨.៩៣លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារកម្ពុជា សម្រាប់យើងបានបង្ហាញពីកំណើន ដ៏គួរឱ្យកត់សម្គាល់ គឺ១៨.១% ជាមួយនឹងចំនួនភ្ញៀវទេសចរ ៥១,០០៥នាក់ បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរណ៍ ៤៣,២០៦នាក់កាលពីឆ្នាំមុន។
នៅឆ្នាំ២០១៨ ដោយមានភ្ញៀវទេសចរ ២៥.៨លាននាក់ បានមកទស្សនាឆ្នេរសមុទ្ររបស់យើង ដែលប្រទេសម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់ទី១៥ ក្នុងចំណោមប្រទេសដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ។ ទន្ទឹមនឹងនេះដែរប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ២១ ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងវិស័យទេសចរណ៍ដោយនាំមកនូវចំណូលទេសចរណ៍ ៨៤,១ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០១៨។
លោក Nor Shazly Bin Amin ជំនួយការនាយកទីផ្សារជាន់ខ្ពស់ប្រចាំទីផ្សារអាស៊ី នៃក្រុមព្រឹក្សាទេសចរណ៍ម៉ាឡេស៊ី បានបញ្ជាក់ផងដែរថា នៅក្នុងស្តង់ក្រុមព្រឹក្សាទេសចរណម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ និង៣ក្រុមហ៊ុនទេសចរណ៍ ក្នុងស្រុកមានដូចជា៖ ក្រុមហ៊ុនទេសចរណ៍ វើលផបត្រាវែល, ធូរវើលត្រាវែល ខេមូឌា, អ៊ែ-តេ-អ៊ែ ធួរ ក៏បានចូលរួមលក់កញ្ចប់សេវាកម្មទេសចរណ៍ ទៅប្រទេសម៉ាឡេស៊ី នូវទីកន្លែងថ្មីៗ ដល់អតិថិជិនខ្មែរ ដើម្បីទស្សនាផងដែរ។
ទន្ទឹមនឹងនេះ ដើម្បីឱ្យយុទ្ធនាការទស្សនាប្រទេសម៉ាឡេស៊ី ឆ្នាំ២០២០ ទទួលបានភាពជោគជ័យនោះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីផ្សារឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ ដោយកំពុងផ្តោតលើបច្ចេកវិទ្យាចុងក្រោយ ក៏ដូចជាទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម និងឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់ប្រទេសម៉ាឡេស៊ី ដោយប្រើសញ្ញាសម្រាប់ដំណើរទស្សនកិច្ចប្រទេសម៉ាឡេស៊ី ឆ្នាំ២០២០ គឺ #vm2020, #VisitMalaysia2020 និង #MalaysiaTrulyAsia។
លោកថា ដើម្បីលើកទឹកចិត្ត ឬជំនួយដល់ប្រតិបត្តិករសម្រាប់ដំណើរទស្សនាប្រទេសម៉ាឡេស៊ី ឆ្នាំ២០២០ ថ្មីនេះរដ្ឋាភិបាល បានដាក់ចេញនូវមូលនិធិជំនួយ ដែលត្រូវនឹងការលើកកម្ពស់ទេសចរណ៍ម៉ឡេស៊ី ឬ GAMELAN Malaysia។ មូលនិធិទេសចរណ៍ពិសេស ៥លានរីងហ្គីត មានគោលបំណងជួយដល់ក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍ ក្នុងកម្មវិធីផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍អន្តរជាតិរបស់ពួកគេ ដើម្បីបង្កើតចំនួនភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលកំពុងជំរុញទេសចរណ៍ក្នុងស្រុក។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុងត្រៀមថវិកាចំនួន ២០លានរីងហ្គីត ដល់ក្រុមប្រឹក្សាទេសចរណ៍សុខភាំម៉ាឡេស៊ី (Malaysia Healthcare Tourism Council-MHTC) ដើម្បីសហការជាមួយមន្ទីរពេទ្យឯកជនដែលមានកេរ្តិ៍ឈ្មោះ ឱ្យម៉ាក យីហោ របស់ម៉ាឡេស៊ី ក្លាយជាគោលដៅ សម្រាប់ទេសចរណ៍វេជ្ជសាស្ត្រ គោលដៅរំពឹងមានកំណើន២៥ភាគរយ ក្នុងមួយឆ្នាំ៕