(ភ្នំពេញ)៖ អតីតចៅសង្កាត់ស្ទឹងមានជ័យទី៣ នៃអតីតគណបក្សសង្រ្គោះជាតិ លោក សាំង ស៊ីណា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានចេញមុខសារភាពទោសកំហុសចំពោះសមត្ថកិច្ច ពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារខុសច្បាប់ ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំឡើងដោយ លោក សម រង្ស៉ី។
នៅក្នុងពេលចូលសារភាពនេះ អតីតចៅសង្កាត់ស្ទឹងមានជ័យទី៣ នៃអតីតគណបក្សសង្រ្គោះជាតិ បានបកអាក្រាតអំពីល្បិចកលទុច្ចរិតរបស់ លោក សម រង្ស៉ី និងបក្ខពួកនៅក្រៅប្រទេស ក្នុងការបង្កភាពវឹកវរដល់ប្រទេសជាតិ ហើយលោកបានអំពាវនាវដល់សកម្មជន និងប្រជាពលរដ្ឋទាំងអស់ កុំចូលរួមជាមួយរដ្ឋប្រហារខុសច្បាប់នេះ។
លោក សាំង ស៊ីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំមកនេះ គឺខ្ញុំមកប្រកាសប្រឆាំងដាច់ខាត នូវទង្វើរបស់ សម រង្ស៉ី ហើយសូមថ្កោលទោស លោក សម រង្ស៉ី និងបក្ខពួកគាត់មួយចំនួនដែលនៅក្រៅប្រទេសនោះ សូមមេត្តាកុំញុះញង់ធ្វើឱ្យប្រជាពលរដ្ឋឱ្យវេទនាដោយសារខ្លួន។ ខ្ញុំសូមផ្តាំផ្ញើទៅបងប្អូនសកម្មជន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រឆាំងដាច់ខាតចំពោះទង្វើដ៏ក្បត់ជាតិរបស់ លោក សម រង្ស៉ី ដែលដាក់ផែនការឱ្យពួកយើងទទួលនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សូមប្តេជ្ញាទាំងអស់គ្នាកុំចូលរួមជាមួយរដ្ឋប្រហារនេះជាដាច់ខាត»។
ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលតុលាការបង្គាប់ឱ្យចាប់ខ្លួន បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយបានចាប់ផ្តើមអនុវត្តនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី និង បក្ខពួក មិនឱ្យសម្រេចនោះឡើយ។
លោក សាំង ស៊ីណា អតីតចៅសង្កាត់ស្ទឹងមានជ័យទី៣ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ជំហរទៀតថា៖ «ខ្ញុំមិនគាំទ្រទង្វើរបស់ លោក សម រង្ស៉ី ដែលបានអំពាវនាវ វាយប្រហាររដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ធ្វើឱ្យប្រទេសជាតិហិនហោច ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេច ហើយមិនតែប៉ុណ្ណោះ សម រង្ស៉ី ក៏បានប្រមាថដល់ព្រះមហាក្សត្រ ហើយរៀបចំផែនការដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដូច្នេះខ្ញុំមិនអាចទទួលយកបាននូវទង្វើរបស់ លោក សម រង្ស៉ី បានទេ»។
លោកបានបន្ថែមទៀតថា៖ ទង្វើរបស់លោក សម រង្ស៉ី បានធ្វើឱ្យប្រទេសជាតិ ហិនហោចខ្លោចផ្សារ វិលទៅរកការលំបាកដល់ប្រជាជនជាថ្មីម្តងទៀត៕
សូមទស្សនកិច្ចការលើកឡើងរបស់ លោក សាំង ស៊ីណា ដូចតទៅ៖