(ភ្នំពេញ)៖ ក្នុងពិធីលៀងសាយភោជន៍ ក្រោយការបើកសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ នារាត្រីថ្ងៃទី១១ ខែតុលានេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានប្រកាសអំពាវនាវដល់ធុរជនក្នុងវិស័យទេសចរណ៍ ដែលបានចូលរួមក្នុងពិព័រណ៍ CTM ឆ្នាំ២០១៩នេះ សូមបន្តចូលរួមព្រឹត្តិការណ៍ទេសចរណ៍នានាជាច្រើនទៀត ដែលកម្ពុជានឹងប្រារព្ធឡើងជាបន្តបន្ទាប់នាពេលខាងមុខ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលខាងមុខនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាព្រះរាជពិធីបុណ្យុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ពិធីបុណ្យសមុទ្រលើកទី៨ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំពត ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ នៅខេត្តក្រចេះ ពិធីបុណ្យកោងកាង ថ្ងៃទី០៩-១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសហគមន៍ពាមក្រសោប ខេត្តកោះកុង ព្រឹត្តិការណ៍កីឡាពាក់កណ្តាល Maraton ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ និង Ultra Maraton ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅខេត្តសៀមរាប ការប្រណាំងកង់អន្តរជាតិ ថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ នៅខេត្តតំបន់ឆ្នេរ និងរត់ប្រណាំងប្រវត្តិសាស្ត្រលើភ្នំដងរែក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

លោកបានបន្តថា កម្ពុជាមានមរតកវប្បធម៌ដ៏សម្បូរបែប ជាពិសេសតំបន់ប្រាសាទនានាជាបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ជាផលិតផលដ៏ពិសិដ្ឋ ព្រមជាមួយធនធានធម្មជាតិ ដែលជាកក្តាលីករទាក់ទាញទេសចរមកពីជុំវិញពិភពលោកកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ កំពុងខិតខំបន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍផលលិតផលទេសចរណ៍នៅតាមគោលដៅសំខាន់ៗផ្សេងទៀត ទាំងនៅសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ ច្រករបៀងភាគខាងត្បូង និងតំបន់អេកូទេសចរណ៍នៅភូមិភាគឦសាន និងភូមិភាគនិរតីដែលមានព្រៃកោងកាងដ៏ស្រស់បំព្រង និងធំជាងគេនៅអាស៊ីអាគ្នេយ៍។

លោកថា នៅកម្ពុជាមានសណ្ឋាគារប្រណីតៗលំដាប់អន្តរជាតិមាន ដូចជា Sofitel Hotel & Resorts, Rosewood Hotels & Resorts, Park Hyatt, Raffles Hotels & Resorts, Six Senses, Hotel Emion, Ibis Hotels, Courtyard by Marriott, Alila Hotels & Resorts, Belmond, and Le Meridien ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក៏កាន់តែប្រសើរឡើង តភ្ជាប់មកកាន់រាជធានីភ្នំពេញទៅកាន់តំបន់សៀមរាបអង្គរ និងខេត្តព្រះសីហនុតំបន់ឆ្នេរសមុទ្រកម្ពុជាបានយ៉ាងងាយស្រួល។

តាមរយៈនេះ គឺបានផ្តល់ឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏ល្អៗរបស់កម្ពុជា រួមទាំងរាជធានីភ្នំពេញ ដែលជាម្ចាស់ផ្ទះរៀបចំ CTM ឆ្នាំនេះ ដល់បណ្តាក្រុមហ៊ុនអន្តរជាតិជា Buyers ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់ ជាពិសេសខណៈពេលដែលថ្មីៗនេះ ប្រាសាទអង្គររបស់កម្ពុជាបន្តទទួលចំណាត់ថ្នាក់លេខ១ «ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើសកលលោក សម្រាប់ឆ្នាំ២០១៨» ដោយក្រុមប្រឹក្សាយោបល់ TripAdvisor ដែលជាមោទនភាពមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ សក្តិសមនឹងការប្រសិទ្ធនាម «កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ (Cambodia: Kingdom of Wonder-Feel the Warmth)។

លោក ថោង ខុន បានអំពាវនាវបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗខាងលើឲ្យកាន់តែទូលំទូលាយដល់គ្រប់ទីផ្សារ និងសូមមេត្តាអញ្ជើញបន្តវិនិយោគ និងធ្វើពាណិជកម្មនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឲ្យកាន់មានឧត្តមភាពលើឆាកអន្តរជាតិ នាពេលអនាគត៕