(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលកម្ពុជា បានសហការជាមួយកម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃ កំពុងស្វែងរកចាប់ខ្លួនបុគ្គលឈ្មោះ ម៉ន ផល្លា អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានចម្លើយសារភាពពីជនត្រូវចោទ២រូប។
មន្ដ្រីនគរបាលជាន់ខ្ពស់ដដែលរូបនេះបានអះអាងថា បុគ្គលឈ្មោះ ម៉ន ផល្លា បានរត់គេចខ្លួនទៅកាន់ប្រទេសថៃ មុនសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។ ប៉ុន្ដែទោះជាយ៉ាងណាសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ កំពុងសហការគ្នាដើម្បីស្វែងរកចាប់ខ្លួន។
គួរជម្រាបថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា ពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគំនិតរបស់ឧក្រិដ្ឋជន សម រង្ស៉ី។ ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ម៉ន ផល្លា របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមចម្លើយសារភាពរបស់ជនត្រូវចោទ ឈ្មោះ ទិត្យ សុផាត ភេទស្រី និងជនត្រូវចោទឈ្មោះ សេង សុខន ភេទស្រី។
នៅចំពោះមុខចៅក្រមស៊ើបសួរ ជនត្រូវចោទទាំងពីរបានសារភាពថា ឈ្មោះ ម៉ន ផល្លា ភេទប្រុស អាយុ៤៤ ឆ្នាំ គឺជាមេក្លោងនៅពីក្រោយការឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឲ្យត្រូវចោទទាំងពីរនាក់ ដើរបំផុសបំផុលប្រជាពលរដ្ឋឲ្យងើបបះបោរ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ក្រោមឧបាយកលជា «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី»៕
(រូបភាព ម៉ន ផល្លា នៅព្រលានយន្តហោះប្រទេសថៃ នាពេលថ្មីៗ)