(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតរបស់កាណាដាប្រចាំនៅកម្ពុជា អ្នកស្រី ដូនីកា ប៉ុតទី (Donica Pottie) បានថ្លែងកោតសរសើរជាខ្លាំងចំពោះស្តង់ដារការងារកម្មករក្នុងវិស័យវេយណភណ្ឌនៅកម្ពុជា។ លោកស្រី បានចាត់ទុកថាជាស្តង់ដារល្អមួយ រហូតអ្នកស្រីធ្លាប់ណែនាំឱ្យមានការយកធ្វើជំគំរូសម្រាប់ប្រទេសដទៃថែមទៀតផង។
ការលើកសរសើរពីស្ថានភាពការងាររបស់កម្មករក្នុងវិស័យវេយណភណ្ឌពីសំណាក់អ្នកស្រី ដូនីកា ប៉ុតទី បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនោះអ្នកស្រីឯកអគ្គរដ្ឋទូតកាណាដាដែលនឹងត្រូវបញ្ចប់បេសកកម្មការងារនាពេលដ៏ឆាប់ខាងមុខនេះ បានលើកឡើងថា អ្នកស្រីតែងលើកសរសើរស្តង់ដាការងាររបស់កម្មករនៅកម្ពុជា ហើយអ្នកស្រីតែងប្រាប់សហការីរបស់អ្នកស្រីនៅប្រទេសផ្សេងៗទៀត ឱ្យមកសិក្សាពីកម្ពុជា បើចង់រៀបចំដំណើរការកម្មកររោងចក្រឱ្យបានល្អ។
អ្នកស្រីបានអះអាងប្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីថា អ្នកស្រីមានមោទនភាពចំពោះបញ្ហាការងាររបស់កម្មករនៅកម្ពុជា ហើយអ្នកស្រីប្តេជ្ញាធ្វើសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀតជាមួយកម្ពុជាលើការងារនេះ។
នៅក្នុងជំនួបជម្រាបលាសម្តេចតេជោនៅរសៀលថ្ងៃនេះ អ្នកស្រីឯកអគ្គរដ្ឋទូតកាណាដាដែលបានបំពេញបេសកកម្មនៅកម្ពុជារយៈពេលពីរអាណត្តិរូបនេះ ក៏បានបង្ហាញការពេញចិត្ត និងកោតសរសើរផងដែរ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងអ្នកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងកាណាដា នាពេលបច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងល្អនេះ កាណាដាបានរួមចំណែកច្រើននៅក្នុងសកម្មភាពមីន ហើយប្រជាជនកម្ពុជា រស់នៅកាណាដា កើនឡើងកាន់តែច្រើន ដែលមានរហូតទៅដល់ ៣ម៉ឺន៨ពាន់នាក់។
ការរីកចម្រើនលើទំនាក់ទំនងនេះ បានធ្វើឱ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្មកាន់តែរស់រវើកផងដែរ។ ជាការកត់សម្គាល់ដំណើរការអាជីវកម្មធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife មានសកម្មភាពកាន់តែល្អប្រសើរ។ ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា មានទំហំជាង ១,៥០០លានដុល្លារ ក្នុងនោះទំនិញដែលកម្ពុជា នាំទៅកាន់កាណាដា មានទំហំជាង ១ពាន់លានដុល្លា ភាគច្រើនជាសម្លៀកបំពាក់។
ក្នុងជំនួបនេះអ្នកស្រី ដូនីកា ប៉ុតទី ក៏បានកោតសរសើរដល់កងកម្លាំងមួកខៀវរបស់កម្ពុជា ដែលកំពុងធ្វើប្រតិបត្តិការក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមប្រទេសនានា។ អ្នកស្រី បានថ្លែងថា អ្នកស្រីនៅចាំប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានណែនាំដល់កងកម្លាំងមួកខៀវរបស់កម្ពុជា ឲ្យប្រកាន់ឥរិយាបថឲ្យបានល្អ ចៀសវាងបង្កើតបញ្ហានៅប្រទេសដែលធ្វើប្រតិបត្តិការ។
អ្នកស្រី បានកត់សម្គាល់ថា រហូតមកដល់ពេលនេះ ពុំមានប្រទេសណាមួយរិះគន់ដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាទេ ផ្ទុយទៅវិញ គឺមានតែការកោតសរសើរ។
លោកស្រី ក៏បានកោតសរសើរកម្ពុជា ដែលបានប្ដេជ្ញា និងបង្កើនចំនួនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ក៏ដូចជាការប្តេជ្ញាចិត្តខិតខំបង្កើនតួនាទីកងកម្លាំងស្ត្រីថែមទៀត ដើម្បីទៅបំពេញបេសកកម្មក្នុងកងកម្លាំងរក្សាសន្តិភាពនៅឯក្រៅប្រទេស៕