(ភ្នំពេញ)៖ នាឱកាសអញ្ជើញបើកសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែតុលានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញប្រាប់ធុរជនក្នុងវិស័យទេសចរណ៍ដែលមកពីជុំវិញពិភពលោក នូវឱកាសវិនិយោគជាច្រើននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះអ្នកវិនិយោគ ដែលចង់មកបណ្ដាក់ទុកវិនិយោគនៅកម្ពុជា ពិសេសគឺការវិនិយោគក្នុងវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសអំពាវនាវដល់វិនិយោគិន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនថែមទៀត ព្រោះកម្ពុជាមានបរិយាកាសវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់ និងមានសក្តានុពលដ៏សម្បូរបែប។
លោកថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះរួមមានទេសចរណ៍ផ្ទះទីពីរ ស្របពេលដែលការសម្រួលការធ្វើដំណើរ គឺជាកត្តាគន្លឹះសម្រាប់ជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិន។ បច្ចប្បន្ន កម្ពុជាមានការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ទិដ្ឋាការពេលមកដល់ និងទិដ្ឋាការចេញចូលច្រើនដងសម្រាប់រយៈពេល ១ឆ្នាំ, ២ឆ្នាំ និង៣ឆ្នាំ ដែលផ្តល់ភាពងាយស្រួលដល់ទេសចរ អ្នកវិនិយោគទាំងអស់ក្នុងការមកទស្សនា និងវិនិយោគនៅកម្ពុជា។
ឆ្លើយតបនឹងស្ថានភាពទេសចរណ៍បច្ចុប្បន្ន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តនូវទស្សនវិស័យដូចខាងក្រោម៖
* ជំរុញ និងពង្រីកការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាឲ្យបានកាន់តែទូលំទូលាយថែមទៀត ពិសេសតំបន់សៀមរាបអង្គរ និងតំបន់អេកូទេសចរណ៍។
* បន្តជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដូចជាទេសចរណ៍ម្ហូបអាហារ វិថីលក់ម្ហូបអាហារ និងផលិតផលម្ហូបអាហារតាមដងផ្លូវ ក្រោមកិច្ចសហការភាពជាដៃគូរដ្ឋ-ឯកជន ដើម្បីទាក់ទាញទេសចរ និងបង្កើនរយៈពេលស្នាក់នៅរបស់ទេសចរ។
* ជំរុញចលនាទេសចរណ៍ក្នុងស្រុកឲ្យកាន់តែផុសផុល ក៏ដូចជាជំរុញចលនាទេសចរណ៍សហគមន៍ អេកូទេសចរណ៍ និងទេសចរណ៍ជនបទ ដោយជំរុញសកម្មភាពទេសចរណ៍ដល់ជនបទដាច់ស្រយាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចតាមតំបន់ ចូលរួមកាត់បន្ថយភាពក្រីក្រតាមមូលដ្ឋាន។
* រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍ខេត្តសៀមរាប និងតំបន់ជុំវិញដ៏មានសារៈសំខាន់ ដូចជាការសិក្សាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើសពីអ្វីមានស្រាប់នៅតំបន់អង្គរ ការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ការសិក្សាអំពីការរៀបចំ និងគ្រប់គ្រងបរិស្ថានស្អាត និងបៃតងនៅក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ ការរៀបចំកែលម្អផ្លូវក្នុងទីក្រុង ការសម្អាតតាមដងស្ទឹងសៀមរាប និងផ្លូវទៅកាន់សហគមន៍នានា។
* រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំណល់ និងបរិស្ថានស្អាតនៅឆ្នេរ និងទឹកសមុទ្រ ព្រមទាំងសោភ័ណភាពរបស់ខេត្ត ដើម្បីផាសុកភាពរបស់ទេសចរ និងប្រជាពលរដ្ឋ។
* ក្រសួងទេសចរណ៍កំពុងសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកែប និងមណ្ឌលគិរី។
* ក្រសួងទេសចរណ៍បានធ្វើកំណែទម្រង់ដ៏សំខាន់មួយ តាមរយៈការបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ដោយផ្តល់តម្លៃដល់វិស័យឯកជន ក្នុងការបន្តចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
* ផ្សារភ្ជាប់វិស័យទេសចរណ៍កម្ពុជាទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ ដែលផ្តោតខ្លាំងទៅលើឌីជីថលូបនីយកម្ម ក្នុងការចាប់យកការអភិវឌ្ឍជាវិជ្ជមាន កាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាចហៅបានថា «ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពវៃឆ្លាត»។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារៈសំខាន់ក្នុងការជំរុញផ្សព្វផ្សាយលក់ផលិតផលទេសចរណ៍ ក៏ដូចជាការជួបជុំគ្នារវាងអ្នកទិញ-អ្នកលក់ និងអ្នកជំនាញទេសចរណ៍ធ្វើការរួមគ្នាដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទេសចរណ៍ ចែករំលែកបទពិសោធន៍នានាក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ឲ្យកាន់តែរីកចំរើនខ្លាំងឡើងបន្ថែមទៀត។ យោងតាមរបាយការណ៍ ឆ្នាំនេះ មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍សរុបចំនួន ១៥៧ស្តង់ ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៩០ស្តង់ និងក្រុមហ៊ុនអន្តរជាតិចំនួន ៦៧ស្តង់។
វាជាឱកាសផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជាដែលមានគុណភាពខ្ពស់បានយ៉ាងទូលំទូលាយ ដែលអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រទេសជិតខាង និងជុំវិញពិភពលោក ពិសេសបង្ហាញថាកម្ពុជា អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិផងដែរ៕