Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិអតីតបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញពីបទ «រួមគំនិតក្បត់» ប៉ុនប៉ងធ្វើរដ្ឋប្រហារ (Video inside)

11-10-2019 19:41

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគំនិតរបស់ឧក្រិដ្ឋជន សម រង្ស៉ី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ ម៉ន ផល្លា របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមចម្លើយសារភាពរបស់ជនត្រូវចោទ ឈ្មោះ ទិត្យ សុផាត ភេទស្រី និងជនត្រូវចោទឈ្មោះ សេង សុខន ភេទស្រី។

នៅចំពោះមុខចៅក្រមស៊ើបសួរ ជនត្រូវចោទទាំងពីរបានសារភាពថា ឈ្មោះ ម៉ន ផល្លា ភេទប្រុស អាយុ៤៤ ឆ្នាំ គឺជាមេក្លោងនៅពីក្រោយការឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឲ្យត្រូវចោទទាំងពីរនាក់ ដើរបំផុសបំផុលប្រជាពលរដ្ឋឲ្យងើបបះបោរ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ក្រោមឧបាយកលជា «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដីកាបង្គាប់ឲ្យចាប់ខ្លួននេះ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕