(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាច់ណាត់ក្នុងការរាំងខ្ទប់មិនឱ្យមានការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយក្នុងនោះអ្នកដែលផ្សព្វផ្សាយផែនការធ្វើរដ្ឋប្រហារតាមបណ្តាញសង្គម នឹងត្រូវចាត់វិធានការទៅតាមច្បាប់ដែលមានជាធរមាន។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឲ្យផែនការរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតឡើងជាដាច់ខាត ហើយក៏មិនអត់ឱនឲ្យដែរ»។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំព្រឹកមិញនេះ សម្ដេចតេជោ បានអះអាងថា រាជរដ្ឋាភិបាលអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនចូលរួមប្រព្រឹត្តអំពើក្បត់ជាតិក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់, ផ្សព្វផ្សាយផែនការរដ្ឋប្រហារតាមបណ្ដាញទំនាក់ទំនងសង្គមនានា និងទៅទទួលដំណើរជនក្បត់ជាតិ សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមដែលតុលាការបង្គាប់ឲ្យចាប់ខ្លួន បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
ទន្ទឹមនឹងការប្រកាសវិលចូលប្រទេសកម្ពុជានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនប្រើថវិកា លើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ព បានចាប់ផ្តើមតនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ផងដែរ។ រយៈពេលប៉ុន្មានថ្ងៃមកនេះ អតីតសកម្មជនអ្នកចូលរួម និងគាំទ្រដល់ផែនការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការចោទប្រកាន់ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់៕