(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត ដល់សិស្សនិទ្ទេស A និង B នៃសាលាអន្តរជាតិ វេស្ទលែនដ៍ សាលាបានឧបត្ថម្ភ និងរៀបចំដំណើរទស្សនកិច្ចសិក្សា ទៅប្រទេសសិង្ហបុរី នៅសាកលវិទ្យាល័យដៃគូ របស់សាលាអន្តរជាតិ វេស្ទលែនដ៍ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍សិក្សា នៅថ្នាក់សាកលវិទ្យាល័យដៃគូ វេស្ទលែនដ៍។
ក្នុងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ប្រទេសសិង្ហបុរីនេះ ដឹកនាំដោយលោកគ្រូ កឹម សិទ្ធិបញ្ញា (ALEX) ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ វេស្ទលែនដ៍។ សិស្សចូលរួមទាំង៦នាក់ រួមមាន ១៖ ឈ្មោះ អាំ អាន (និទ្ទេស A), ២៖ ឈ្មោះ ប៊ូ ប៊ុនខេង (និទ្ទេស A), ៣៖ ឈ្មោះ ឡាន ស្រីខួច (និទ្ទេស A), ៤៖ ឈ្មោះ ហេង កវី (និទ្ទេស B), ៥៖ ឈ្មោះ ណារិន កូលីន (និទ្ទេស B), ៦៖ ឈ្មោះ កឹម សិទ្ធិកណិការ (និទ្ទេស B)។
គោលបំណងនៃកម្មវិធី៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្ស, បណ្តុះភាពជាអ្នកដឹកនាំវ័យក្មេង, បណ្តុះផ្នត់គំនិត ឲ្យមានភាពម្ចាស់ការលើខ្លួនឯង, ដកពិសោធន៍ និងស្វែងយល់ពីប្រព័ន្ធអប់រំ នៅប្រទេសសិង្ហបុរី, និងស្វែងយល់ពីពិភពខាងក្រៅ ប្រទេសអភិវឌ្ឍ។
សកម្មភាព របស់យុវសិស្សទាំង៦រូប នៅប្រទេសសិង្ហបុរី រយៈពេល៤ថ្ងៃ រួមមាន៖
* ១៖ ចូលជួបសម្តែងការគួរសម ជាមួយអគ្គរាជទូតខ្មែរ នៅស្ថានទូតខ្មែរ ប្រចាំនៅសិង្ហបុរី
* ២៖ ទស្សនកិច្ច Singapore Institute of Management (SIM) ដែលជាសាកលវិទ្យាល័យដៃគូរបស់ វេស្ទលែនដ៍ នៅសិង្ហបុរី
* ៣៖ ស្វែងយល់ពីប្រទេសសិង្ហបុរី តាមរយៈការទស្សនាទីក្រុង
* ៤៖ កម្សាន្តតាមតំបន់ទេសចរណ៍សិង្ហបុរី ដូចជា៖ Merlion Park, Gardens by the bay, S.E.A Aquarium, Universal Studio Singapore និង Sentosa ជាដើម។
ចំពោះសិស្សនិទ្ទេស A ០៣ រូប សាលាបានឧបត្ថម្ភ លើការចំណាយ ១០០ភាគរយ និងជាមួយទឹកប្រាក់ចំនួន២លានរៀល ក្នុងសិស្សម្នាក់ និងសិក្សាថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ដោយឥតគិតថ្លៃ៤ត្រីមាស។ ចំពោះសិស្ស និទ្ទេស B ចំនួន៦នាក់ សាលាបានឧបត្ថម្ភលើការចំណាយ៥០ភាគរយ ឬក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់១លានរៀល និងការសិក្សាភាសាអង់គ្លេសក្រៅម៉ោង ដោយឥតគិតថ្លៃរយៈពេល៤ត្រីមាស។
ចំណែកឯសិស្សនិទ្ទេស C D និង E និងទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ លើការសិក្សាភាសាអង់គ្លេសក្រៅម៉ោង ពេញមួយឆ្នាំផងដែរ។ លើសពីនេះទៅទៀត ដើម្បីជាការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្ត និងការតបស្នងដល់លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សាលាឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀល ជូនដល់លោកគ្រូ-អ្នកគ្រូ តាមមុខវិជ្ជាដែលមានសិស្ស ទទួលបាននិទ្ទេស A ចាប់ពី ៣នាក់ឡើងទៅ។
សាលាអន្តរជាតិ វេស្ទលែនដ៍ កន្លងមកធ្លាប់បានដឹកនាំសិស្សានុសិស្ស ទៅក្រៅប្រទេសជាច្រើនដងរួចហើយ តាមរយៈកម្មវិធីទស្សនកិច្ចសិក្សា និងកម្មវិធីបោះជំរំយុវជនអាស៊ាន ដោយមានការសហការ ជាមួយសាកល វិទ្យាល័យដៃគូ របស់ WESTLAND នៅប្រទេសថៃ និង សិង្ហបុរី ជាដើម។ ជាក់ស្តែង កន្លងទៅថ្មីៗនេះ WESTLAND ទើបបានរៀបចំទស្សនកិច្ចសិក្សា ទៅសហរដ្ឋអាមេរិក បានយ៉ាងជោគជ័យ។
សាលាអន្តរជាតិ វេស្ទលែនដ៍ គឺជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលបានទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ២១៧២ អយកប្រក ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១១ មានទីតាំងស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបើកដំណើរការ កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងថ្នាក់ភាសាអង់គ្លេសទូទៅ។
គូសបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងពីសាលា និងការយកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀនពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រកបដោយឆន្ទៈខ្ពស់ តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា សិស្សថ្នាក់ទី១២ នៃសាលាអន្តរជាតិ វេស្ទលែនដ៍ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ទាំងអស់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាស្ថាពរ ១០០ភាគរយ និងទទួលបាននិទ្ទេស A ចំនួន៣នាក់។
លោក ថន សុកលីម នាយកប្រតិបត្តិនៃសាលាអន្តរជាតិ វេស្ទលែនដ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិ វេស្ទលែនដ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តក្នុងការបង្រៀន និងអប់រំសិស្សឲ្យទទួល បានចំណេះដឹងពិតប្រាកដ មានវិន័យល្អ សីលធម៌ល្អ និងអប់រំសិស្សឲ្យក្លាយជាពលរដ្ឋល្អ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើង។
បន្ថែមពីនេះទៀត លោកនាយកប្រតិបត្តិនៃសាលាអន្តរជាតិ វេស្ទលែនដ៍ បានជូនពរប្អូនៗ ដែលទទួលបាននិទ្ទេស A និងប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិ វេស្ទលែនដ៍ទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការសិក្សាក្នុងឆ្នាំសិក្សាបន្ទាប់៕