(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសលោក លឹម សៀងហេង ជាអភិបាលក្រុងបាវិត ជំនួសលោក សេង សីលា ដែលទទួលតំណែងថ្មី ជាអភិបាលរងខេត្តស្វាយរៀង។
ពិធីប្រកាសនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ រងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីជាក្រុមប្រឹក្សាក្រុង តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យមន្ត្រីរាជការចំណុះសាលាក្រុង និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។
លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុងគណៈអភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងបាវិត ក្រោមការដឹកនាំរបស់លោក សេង សីលា អតីតអភិបាលក្រុងបាវិត នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាព ក្នុងជួរគណៈអភិបាលក្រុង និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យក្រុងបាវិត របស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើររួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។
លោកអភិបាលខេត្ត បានថ្លែងថា ក្រុងបាវិត គឺជាក្រុងរសើបមួយ ដែលមន្ត្រីរបស់យើងត្រូវអនុវត្តន៍ការងារ និងសហការគ្រប់ភាគីទាំងអស់ ហើយក្រុងបាវិត ក៏ជាក្រុងពាណិជ្ជកម្មដ៏ធំមួយ សម្រាប់ខេត្តស្វាយរៀង ដែលមានរោងចក្រសហគ្រាសជាច្រើន និងកម្មកររោងចក្រជាច្រើនម៉ឺននាក់ ដូច្នេះក្នុងនាមអភិបាលក្រុង ត្រូវបែងចែកតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ ត្រូវមើលបញ្ហាសំរាម ស្ទះលូ ទឹកកង្វក់ ស្ទះចរាចរណ៍ សំណង់អាណាធិបតេយ្យជាដើម។
លោកបន្ដទៀតថា ហើយសំណង់អាណាធិបតេយ្យនេះ ត្រូវណែនាំឲ្យម្ចាស់សំណង់ មកធ្វើច្បាប់សាងសង់ឲ្យបានត្រឹមត្រូវ ជាពិសេសការពុះដីឡូត៌លក់ សូមមានការប្រុងប្រយត្ន័ខ្ពស់ ដោយពលរដ្ឋខ្លះទិញដីឡូត៌ហើយ មិនដឹងប្លង់នៅណានាំឲ្យខាតបង់ថវិកា។
លោក ម៉ែន វិបុល បានសង្កត់ធ្ងន់ថា ចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រកាសថា វិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ សមត្ថកិច្ចនៅតាមព្រំដែន ត្រូវពង្រឹងសន្តិសុខ ឲ្យបានម៉ឺងម៉ាត់ ដើម្បីចាប់ទណ្ឌិត សម រង្ស៉ី និងបក្សពួកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដោយក្រុមនេះមានដីការចាប់ខ្លួន ពីតុលាការស្រាប់។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើនូវកិច្ចការមួយចំនួន ដល់លោកអភិបាលក្រុង ដែលទើបតែប្រកាសថ្មី ត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។ គណៈអភិបាលក្រុង ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
លោកអភិបាលខេត្ត បានថ្លែងបន្តទៀតថា ត្រូវពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការរបស់ក្រុង និងបង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដើម។
លោកថា ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដីរដ្ឋ និងទប់ស្កាត់ចំពោះការរំលោភយកដីចំណីផ្លូវសាធារណៈ ធ្វើអាជីវកម្មផ្សេងៗជាដើម។ បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អ នៅក្នុងក្រុងជាពិសេសនៅតាមទីប្រជុំជនក្រុង និងនៅតាមដងផ្លូវសាធារណៈនានា និងបន្តខិតខំរួមសហការសាមគ្គីភាព អភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោកបានបន្ថែមថា បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។ ត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អ ជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន។ អាជ្ញាធរពាក់ព័ន្ធ ត្រូវហាមប្រជាជនយើងដាច់ខាត ការជួលដីឲ្យប្រជាជនប្រទេសជិតខាង។ ត្រូវបន្តការពង្រឹងការទប់ស្កាត់ ការនាំចូលជ្រូក ពីប្រទេសជិតខាង ឲ្យបានដាច់ខាត៕