(ភ្នំពេញ)៖ សិស្សពូកែរបស់កម្ពុជាចំនួន៧នាក់ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩ បានចេញដំណើរទៅធ្វើទស្សនកិច្ចសិក្សា នៅសហរដ្ឋអាមេរិក ចំនួន៣សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
អ្នកគ្រូ អ៊ុក សូនីតា បានថ្លែងថា សិស្សពូកែទាំង៧នាក់នោះ គឺជាសិស្សសាលារបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានប្រឡងជាប់ ក្នុងដំណើរទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍រស់នៅក្រៅប្រទេស សម្រាប់កម្មវិធី «2019 ISSE Exange Program»។
ការធ្វើទស្សនកិច្ចសិក្សារនេះ គឺជាដំណើរកម្សាន្តសម្រាប់សិស្សានុសិស្សពូកែទាំងនេះ និងការស្វែងយល់ពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ នៃប្រជាជនក្នុងតំបន់នៃរដ្ឋ ខូលូរ៉ាដូ (Colorado) ជាពិសេសពួកគេនឹងយល់ដឹងស៉ីជម្រៅ ពីការរស់នៅប្រចាំថ្ងៃ តាមរយៈការស្នាក់នៅ ជាមួយក្រុមគ្រួសារដែលកំពុងរស់នៅ សហរដ្ឋអាមេរិកផ្ទាល់។
បន្ថែមពីចំណេះដឹងទាំងនេះ ក្រុមហ៊ុនវេសឡាញ បានសហការជាមួយសាលា Angevine Middle School នៅសហរដ្ឋអាមេរិក ដើម្បីសិស្សានុសិស្ស អាចទទួលបានបទពិសោធន៍ ក្នុងការសិក្សាថ្មីៗ ដើម្បីមកចែករំលែកដល់សិស្សានុសិស្សដ៏ទៃទៀត នៃសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ ដែលពុំទាន់បានចូលរួមផងដែរ។
បើតាមអ្នកគ្រូ អ៊ុក សូនីតា ដំណើរទស្សនកិច្ចសិក្សានេះ ក៏ធ្វើឡើងដើម្បីជាការអបអរសាទរ ដល់សិស្សានុសិស្ស ដែលតែងតែខិតខំប្រឹងប្រែង និងក្លាហាន ក្នុងការប្រកួតប្រជែងវិញ្ញាសា រហូតទទួលបានលទ្ធផលល្អ។ ក្នុងនោះ ក្រុមហ៊ុនបានរៀបចំក្នុងការហ្វឹកហាត់សិស្សានុសិស្ស ឲ្យចេះរៀនរស់នៅដោយឯករាជ្យភាព ការចេះគោរពស្រលាញ់អ្នកដ៏ទៃ ការធ្វើការជាក្រុម ការហ្វឹកហាត់ភាសាអង់គ្លេសបែបប្រាស្រ័យទាក់ទង និងចំណេះដឹងពីវប្បធម៌ខ្មែរជាច្រើនទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្សនៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បច្ចុប្បន្នកាលនេះ កំពុងដំណើរការ សាលារៀនចំនួន១៩ ក្នុងនោះមានសាលារៀនវ៉េស្ទឡាញន៍ចំនួន១៧ សាលារៀនណត្សឡាញន៍ចំនួន១ សាលាអន្តរជាតិ អេបផលទ្រី (AppleTree) ចំនួន១ សាលារអន្តរជាតិ ហ្វ័ររ៉េសហៀល (Forest Hill) ចំនួន២ ដែលមានសិស្សប្រមាណ ១៣.០០០នាក់ ជាមួយក្រុមហ៊ុនបណ្តុះបណ្តាល ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបលអាជីវកម្ម (EDI) ចំនួន១ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាចិន Chang Cheng ចំនួន១។
បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក និងគ្រូបង្រៀន សរុបជាង១ពាន់នាក់។ សាលារៀនវ៉េស្ទឡាញន៍ទី១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដោយលោក ប៉ិច បូឡែន ជាសហស្ថាបនិក ក្នុងទិសដៅរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សេវាកម្មអប់រំដ៏មានគុណភាពមួយ ពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ការបណ្តុះបណ្តាលបុគ្គលិកអង្គការ ក្រុមហ៊ុន ការស្រាវជ្រាវ និងប្រឹក្សាយោបលអាជីវកម្មផ្សេងៗ៕