(ភ្នំពេញ)៖ យុវសិស្សម្នាក់ឈ្មោះ កង គីមឡេង ជ័យលាភីនិទ្ទេស A តំណាងឲ្យសិស្សថ្នាក់ទី១២ និងសិស្សពូកែ នៃសាលាអន្តរជាតិ អេសអាយអេស (SIS) បានដាស់តឿនក្រើនរម្លឹក ដល់យុវសិស្សជំនាន់ក្រោយទាំងអស់ ត្រូវចេះរៀបចំពេលវេលាសិក្សាឲ្យបានត្រឹមត្រូវ ដោយបែងចែកឲ្យច្បាស់លាស់ ពេលរៀន ពេលលេង ពេលគេង ពេលញ៉ាំ ពេលហាត់ប្រាណ និងពេលលំហែខួរក្បាលជាដើម ដើម្បីធ្វើឲ្យខ្លួនយើងមានមានសុខភាពរឹងមាំ ក្នុងការទទួលយកនូវចំណេះថ្មីជាច្រើន ខណៈ វិស័យអប់រំបច្ចុប្បន្ន កំពុងធ្វើកំណែទម្រង់ឲ្យស្របទៅតាម យុគសម័យឌីជីថល ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងទីផ្សារឌីជីថលនាពេលបច្ចុប្បន្ន ក្នុងការបង្ហាត់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលល្អប្រសើរ។
ការស្នើបែបនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា យុវសិស្សមួយចំនួន បានយកពេលវេលាសិក្សារបស់ខ្លួន ទៅចំណាយពេលក្នុងការដើរលេង ផឹកស៊ី និងប្រព្រឹត្តិអំពើអសីលធម៌នៅក្នុងសង្គមចំនួន ដែលធ្វើឲ្យពួកគេប្រាស់ចាកពីការសិក្សា និងមិនមានចំណេះដឹងក្នុងខ្លួន ដែលធ្វើឲ្យពួកគេមិនអាចសេចក្ដីស្រមៃរបស់ខ្លួនទៅថ្ងៃអនាគត។
ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សចំណេះទូទៅខ្មែរជំនាន់ទី១៤ ប្រចាំឆ្នំាសិក្សា ២០១៨-២០១៩ នៃសាលាអន្តរជាតិSIS នៅព្រឹកថ្ងៃទី១១ ខែតុលានេះ នៅភោជនីដ្ឋានទន្លេបាសាក់២ លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកាសាលា SIS បានឯកភាពចំពោះការលើកឡើងរបស់យុវសិស្ស កង គីមឡេង ក្នុងការបែងចែកពេលវេលា ឲ្យត្រឹមត្រូវក្នុងសិក្សានេះ ដើម្បីជាគុណប្រយោជន៍ទៅថ្ងៃអានាគត សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិដងដែរ ហើយត្រូវជៀសឲ្យផុតពីការប្រឡូកប្រឡាក់នឹងគ្រឿងញៀន គ្រឿងស្រវឹង ឬប្រព្រឹត្តអំពើខ្វះក្រមសីលធម៌ផ្សេងៗដែលប៉ះពាល់ដល់សង្គមជាតិ។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត ក៏បានលើកទឹកចិត្តសិស្សទាំងអស់ ដែលមិនបានទទួលនិទ្ទេសតាមបំណងប្រាថ្នារបស់ខ្លួន សូមកុំអស់សង្ឃឹម ហើយត្រូវបន្តដំណើរទៅមុខទៀត ត្រូវចេះស្រឡាញ់ខ្លួនឯង លើកទឹកចិត្តឲ្យខ្លួនឯង និងផ្តល់ឱកាសឲ្យខ្លួនឯងជាថ្មីម្តងទៀត ដើម្បីសម្រេចក្តីស្រមៃ និងសុបិន្តរបស់ខ្លួន ទៅថ្ងៃអនាគតអោយបានជោគជ័យ ។
ទន្ទឹមនឹងសារនេះ លោកស្រីប្ដេជ្ញាថា នឹងបង្កើនគុណភាពអប់រំឲ្យរឹតតែខ្លាំងក្លាឡើងដើម្បីធានាបាននូវទំពាំងស្នងឫស្សីដែលមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមកសាងប្រទេសជាតិយើង ឲ្យមានការរីកចំរើនទៅមុខជាលំដាប់៕